ចលនាអក្សរសិល្ប៍
គឺជាការប្រែប្រួលនៃអក្សរសិល្ប៍តាមការនិយមនៃវណ្ណៈ ឬស្រទាប់សង្គមលើទស្សនៈ ទ្រឹស្តី
គោលគំនិតណាមួយក្នុងដំណាក់កាលនៃប្រវត្តិសាស្ត្រ ។
តាមការសិក្សាស្រាវជ្រាវ គេបានកំណត់ចលនារបស់អក្សរសិល្ប៍ជា ៤ចលនាគឺ ចលនាអក្សរសិល្ប៍ខេមរនិយម ចលនាអក្សរសិល្ប៍ពុទ្ធនិយម ចលនាអក្សរសិល្ប៍ព្រាហ្មណ៍និយម ចលនាអក្សរសិល្ប៍បរទេសនិយម ។
១. ចលនាអក្សរសិល្ប៍ខេមរនិយម
v និយមន័យ
ចលនាអក្សរសិល្ប៍ខេមរនិយម
គឺជាអក្សរសិល្ប៍ដេលបង្ហាញពីផ្នត់គំនិត
ជំនឿ ទំនៀមទម្លាប់ ប្រពៃណី
សាសនា បញ្ហាសង្គម ជីវភាពរស់នៅរបស់ប្រជាជនក្នុងសម័យកាលនីមួយៗ
ស្របទៅតាមវប្បធម៌
និងសង្គមធម៌របស់ជាតិខ្មែរ ។
ចលនាអក្សរសិល្ប៍ខេមរនិយម
គឺជាប្រភេទរឿងបែបមនុស្សលោកិយ
ជារឿងរបស់ជាតិខ្មែរ ដែលលើកយកសង្គមារម្មណ៍មកចោទ
និងដោះស្រាយទៅតាមប្រយោជន៍នៃសង្គមក្នុងគោលបំណងណែនាំប្រជាជនខ្មែរឲ្យស្រលាញ់អំពើល្អ ស្អប់ខ្ពើម និងចៀសវាងអំពើអាក្រក់ ។
ម្យ៉ាងទៀតចលនាអក្សរសិល្ប៍នេះច្រើនលើកយកតួអង្គមនុស្សខ្មែរ តួអង្គជាសត្វ
ជារុក្ខជាតិ ឬជាធម្មជាតិនៅក្នុងប្រទេសកម្ពុជា
ហើយតួអង្គទាំងនោះតែងតែមានសកម្មភាពធម្មតាឆ្លុះបញ្ចាំងពីជីវភាពរស់នៅជាក់ស្តែងរបស់មនុស្សក្នុងសង្គមខ្មែរ ។
v លក្ខណៈសម្គាល់ចលនាអក្សរសិល្ប៍ខេមរនិយម
ក. ការផ្តើមរឿង
ការផ្តើមរឿងអក្សរសិល្ប៍បែបខេមរនិយម
ពុំមានការឯកភាពទេ គឺវាអាស្រ័យលើ
ទេពកោសល្យ
និងសិល្ប៍វិធីរបស់អ្នកនិពន្ធ ។
ខ. តួរឿង
· តួអង្គៈ ជាមនុស្ស សត្វ
រុក្ខជាតិ ដែលមានចរិតលក្ខណៈតាមបែបសង្គមខ្មែរ ។
· ទីកន្លែងៈ ស្ថិតនៅក្នុងភូមិស្រុកខេត្តនៃប្រទេសខ្មែរពិតៗ ។
· ដំណើររឿងៈ បានឆ្លុះបញ្ចាំងពីជីវភាពរស់នៅប្រជាជនពី
ទំនៀមទម្លាប់ ប្រពៃណី
សាសនា សិល្បៈ
ស្នេហា... ។
· ចំណោទបញ្ហាៈ
ឆ្លុះបញ្ចាំងពីទំនាស់បញ្ហាវណ្ណៈ
បញ្ហាផលប្រយោជន៍ជាតិ សាសនា ទឹកដី
ស្នេហា និងបញ្ហាគ្រប់រូបភាពក្នុងសង្គម
។
· ដំណោះស្រាយៈ ប្រើសមត្ថភាពផ្ទាល់ខ្លួន
ជួនឈ្នះ ជួនចាញ់ ដោយពុំមានពឹងផ្អែក
ឬអន្តរាគមពីអាទិទេពណាមួយឡើយ ។
· ឧត្តមគតិរឿងៈ
អប់រំមនុស្សឲ្យស្រលាញ់សន្តិភាព
យល់ពីបញ្ហាជីវភាពរស់នៅ
ប្រកាន់សច្ចធម៌ ចេះប្រើប្រាស់បញ្ញាមកដោះស្រាយបញ្ហា
មានឧត្តមគតិស្នេហាជាតិមាតុភូមិ
ប្រព្រឹត្តអំពើល្អ
ស្អប់អំពើអាក្រក់ ។
គ. បញ្ចប់រឿង
អ្នកនិពន្ធបានបញ្ចប់រឿងដោយឲ្យតួអង្គល្អទទួលបានផលល្អ តួអង្គអាក្រក់ទទួលបានផលអាក្រក់ ប៉ុន្តែរឿងខ្លះអ្នកនិពន្ធ
ឲ្យតួអង្គទទួលបានលទ្ធផលស្របតាមសច្ចភាពសង្គមដូចជា រឿងភូមិតិរច្ឆាន ជាដើម ។
២. ចលនាអក្សរសិល្ប៍ពុទ្ធនិយម
v និយមន័យ
ចលនាអក្សរសិល្ប៍ពុទ្ធនិយម
គឺជាប្រភេទអក្សរសិល្ប៍ទាំងឡាយណាដែលមានទំនាក់ទំនងទៅនឹងលទ្ធិពុទ្ធសាសនា ដោយគោលគំនិតធំ ឬមូលបញ្ហានៃរឿងបែបពុទ្ធនិយម
គឺការកសាងបារមី ការសន្សំកុសល ទស្សនៈកម្មផល
បុណ្យបាប កម្មពៀរវេរា របស់ព្រះពោធិសត្វ ដើម្បីត្រាស់ដឹងជាព្រះពុទ្ធ ។
ការផ្តើមរឿងនេះ
គឺមានធ្វើបទនមស្ការរឭកគុណព្រះរតនត្រៃមានព្រះពុទ្ធ ព្រះធម៌
ព្រះសង្ឃ ។
ក្នុងដំណើររឿងតួអង្គឯកបុរសជាព្រះពោធិសត្វ
តួអង្គឯកនារីជាកន្សៃសារពេជ្ញ និងបញ្ចប់រឿងដោយមានការសរជាតិ ហើយដំណោះស្រាយបញ្ហាក្នុងរឿងពុទ្ធនិយម
គឺអហិង្សា ឬសន្តិវិធី ។
v លក្ខណៈសម្គាល់ចលនាអក្សរសិល្ប៍ពុទ្ធនិយម
ក. ការផ្តើមរឿង
ការផ្តើមរឿងដោយធ្វើបទនមស្ការ
រឭកគុណព្រះរតនត្រៃ មានព្រះពុទ្ធ
ព្រះធម៌ ព្រះសង្ឃ ។
ខ. តួរឿង
· តួអង្គៈ តួអង្គឯកប្រុស ជាព្រះពោធិសត្វ
តួអង្គេកស្រី ជាកន្សៃសារពេជ្ញ
ចំណែកតួអង្គបន្ទាប់បន្សំ មានទេវតា
អសុរាយ ជាដើម ។
· ទីកន្លែងៈ ទាក់ទងនឹងឋានទាំង៣
ព្រៃហេមពាន្ត នគរពារាណសី នគរមិថិលា
នគរតក្កសិលា ... ។
· ដំណើររឿងៈ លើកយកទស្សនៈកម្មផល
មកលាតត្រដាង និងរិះរកមធ្យោបាយ
ឲ្យសត្រូវភ្ញាក់ខ្លួន ហើយប្រព្រឹត្តអំពើល្អវិញ ជាពិសេសនិយាយពីការធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ ។
· ចំណោទបញ្ហាៈ
កើតមានឡើងជុំវិញបញ្ហាដំណើរកសាងបារមីរបស់ព្រះពោធិសត្វ បញ្ហាបុណ្យបាប
កម្មពៀរ ជាដើម ។
· ដំណោះស្រាយៈ ដោះស្រាយដោយសន្តិវិធី
(អហិង្សា) ដោយការខិតខំប្រឹងប្រែង តស៊ូព្យាយាម
ការចាកចោលនគរ ឬចុះចាញ់ ហើយកសាងបារមីសារជាថ្មី ។
· ឧត្តមគតិរឿងៈ អប់រំមនុស្សឲ្យជឿលើទស្សនៈកម្មផល បុណ្យបាប
អប់រំឲ្យចេះតស៊ូព្យាយាម
មានជំនឿជាក់លើខ្លួនឯង
ស្រលាញ់សន្តិភាព
ដោះស្រាយបញ្ហាដោយសន្តិវិធី
ចេះគិតពិចារណា ។
គ. បញ្ចប់រឿង
អ្នកនិពន្ធបញ្ចប់រឿងដោយឲ្យមានការសរជាតិរបស់តួអង្គ ហើយបានសម្រេចតាមបំណងរបស់ខ្លួន ។
v ដោយយោងទៅតាមអត្ថន័យរបស់រឿង និងកាលបរិច្ឆេទរបស់រឿង គេបានបែងចែកចេញចលនាអក្សរសិល្ប៍ពុទ្ធនិយមជា ៣គឺ ៖ អក្សរសិល្ប៍ពុទ្ធនិយមសុទ្ធសាធ អក្សរសិល្ប៍ពុទ្ធនិយមក្លែងក្លាយ និងអក្សរសិល្ប៍ពុទ្ធនិយមក្លែងក្លាយហួសហេតុ ។
១. អក្សរសិល្ប៍ពុទ្ធនិយមសុទ្ធសាធ
អក្សរសិល្ប៍ពុទ្ធនិយមសុទ្ធសាធ គឺសម្គាល់លើអត្ថបទស្នាដៃអក្សរសិល្ប៍ទាំងឡាយណាមាននៅក្នុងរឿងទសជាតក
ដែលជាគម្ពីរដ៏សំខាន់នៅក្នុងព្រះពុទ្ធសាសនា
។
រឿងទសជាតក
ជារឿងទាំង១០ ដែលលើកឡើងពីការតស៊ូរបស់ព្រះសម្មាសម្ពុទ្ធក្នុងពេលដែលព្រះអង្គយាងយកកំណើតជាតួអង្គព្រះពោធិសត្វក្នុងជាតិផ្សេងៗក្នុងការកសាងបារមី
ដើម្បីត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ ។
រឿងទាំង១០
នៃទសជាតកដែលគេចាត់ទុកជាស្នាដៃអក្សរសិល្ប៍សុទ្ធសាធមានៈ
១. រឿងតេមិយជាតក ព្រះពោធិសត្វបំពេញ នេក្ខម្មបារមី
(ការសាផ្នួស)
២. រឿងមហាជនកជាតក ព្រះពោធិសត្វបំពេញ
វិរិយបារមី (ការព្យាយាម)
៣. រឿងសុវណ្ណសាមជាតក ព្រះពោធិសត្វបំពេញ មេត្តាបារមី (ការមេត្តាប្រណី)
៤. រឿងនេមិរាជជាតក ព្រះពោធិសត្វបំពេញ អធិដ្ឋានបារមី
(ការតាំងចិត្តស៊ប់)
៥. រឿងមហោសថជាតក ព្រះពោធិសត្វបំពេញ បញ្ញាបារមី (
ការដឹងសេចក្តីពិត)
៦. រឿងភូរិទត្តជាតក ព្រះពោធិសត្វបំពេញ សីលបារមី
(វៀរចាកអំពើអាក្រក់)
៧. រឿងចន្ទកុមារជាតក ព្រះពោធិសត្វបំពេញ
ខន្តីបារមី (ការអត់ធន់)
៨. រឿងនារទព្រហ្មជាតក ព្រះពោធិសត្វបំពេញ ឧបេក្ខាបារមី(តាំងចិត្តជាកណ្តាល)
៩. រឿងវិធុរជាតក ព្រះពោធិសត្វបំពេញ សច្ចបារមី (ការប្រកាន់សេចក្តីពិត)
១០. រឿងវេស្សន្តរជាតក ព្រះពោធិសត្វបំពេញ ទានបារមី
(ការឲ្យទាន) ។
២. អក្សរសិល្ប៍ពុទ្ធនិយមក្លែងក្លាយ
អក្សរសិល្ប៍ពុទ្ធនិយមក្លែងក្លាយ
គឺសម្គាល់លើអត្ថបទស្នាដៃអក្សរសិល្ប៍ទាំងឡាយណា
ដែលមាននៅក្នុងគម្ពីរបញ្ញាសជាតក ដែលបាននិយាយអំពីដំណើរជីវិតទាំង ៥០ជាតិរបស់
ព្រះពោធិសត្វ។
អក្សរសិល្ប៍ពុទ្ធនិយមក្លែងក្លាយ ច្រើនបរិយាយទាក់ទងនឹងទ្រឹស្តីក្នុងព្រះពុទ្ធសាសនា
តិចតួច
ហើយពុំស្ថិតនៅក្នុងគម្ពីរពុទ្ធវចនៈទេ
។ គម្ពីរពុទ្ធវចនៈ
ឬគម្ពីរព្រះត្រៃបិតកនេះ
កើតឡើងក្រោយពេលដែលពុទ្ធសាសនាថេរវាទរីកចម្រើន
និងបានជះឥទ្ធិពលយ៉ាងខ្លាំង
ក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
ជាពិសេសអក្សរសិល្ប៍ពុទ្ធនិយមក្លែងក្លាយ ជារឿងដែលពុំមែន
បំពាក់លក្ខណៈទាំងស្រុងនូវលទ្ធិពុទ្ធនិយមទេ
ប៉ុន្តែមានបញ្ចូលលទ្ធិព្រាហ្មណ៍ខ្លះ
ហើយ
លើសពីនេះទៀត វាបានបញ្ចូលរឿងរ៉ាវខ្លះៗ
ដែលទាក់ងទៅនឹងទំនៀមទម្លាប់ស្រុកទេស
ជំនឿ
សាសនា ឥទ្ធិពលជាតិនិយម
និងអ្វីៗទាក់ទងនឹងអ្នកស្រុករស់នៅនៃប្រទេសទាំង
ឡាយ ។
រឿងទាំង
៥០រឿងក្នុងគម្ពីរបញ្ញាសជាតករួមមាន ៖
១. រឿងសមុទ្រឃោសៈ ២. រឿងសុធនកុមារ
៣. រឿងសុធនុ ៤. រឿងរតនប្បជោត
៥.
រឿងសិរិវិបុលកិត្តិ ៦.
រឿងវិបុលរាជ
៧. រឿងសិរិចូឡាមណី ៨.
រឿងចន្ទរាជ
៩. រឿងសុភមិត្រ ១០. រឿងសិរីធនសេដ្ឋី
១១. រឿងទុលកបណ្ឌិត ១២. រឿងសព្វសិទ្ធិ
១៣. រឿងអាទិត្តរាជ ១៤. រឿងទុកមានិក
១៥. រឿងមហោសុរសេន ១៦. រឿងសុវណ្ណកុមារ
១៧.
រឿងធនករាជ ១៨.
រឿងវិរិយបណ្ឌិត
១៩. រឿងធម្មសោណ្ឌក ២០. រឿងសុទស្សនមហារាជ
២១. រឿងវត្តង្គុលីរាជ ២២.
រឿងបោរាណបិបុរនរិន
២៣. រឿងធម្មិកបណ្ឌិត ២៤. រឿងមហាបុរិស
២៥. រឿងធម្មរាជ ២៦. រឿងនវជីវ
២៧. រឿងសុរូប ២៨. រឿងមហាបទុមកុមារ
២៩. រឿងភណ្ឌាគារកុមារ ៣០. រឿងពហុលគាវី
៣១. រឿងសេតបណ្ឌិត ៣២. រឿងបុបរាជ
៣៣. រឿងពារាណសិរាជ ៣៤. រឿងព្រហ្មឃោសរាជ
៣៥. រឿងទេវទុក្ខកុមារ ៣៦. រឿងសលភ
៣៧. រឿងសិទ្ធិសារកុមារ ៣៨. រឿងនរជីវកឋិន
៣៩. រឿងអតិទេវរាជ ៤០. រឿងសិម្ភនាទ
៤១. រឿងសុវណ្ណសង្ខរាជកុមារ ៤២. រឿងសុរព្ភ
៤៣. រឿងទេវន្ទ ៤៤. រឿងសុវណ្ណកច្ឆប
៤៥. រឿងសុបិនកុមារ ៤៦. រឿងសុវណ្ណវង្ស
៤៧. រឿងសិទ្ធិសារ«វរណុជវរនេត្រ» ៤៨. រឿងសរីសរាជកុមារ
៤៩. រឿងចន្ទឃាត ៥០. រឿងសទ្ធាតិស្សចក្កវត្តិ ។
៣. អក្សរសិល្ប៍ពុទ្ធនិយមក្លែងក្លាយហួសហេតុ
អក្សរសិល្ប៍ពុទ្ធនិយមក្លែងក្លាយហួសហេតុ គឺជាប្រភេទអក្សរសិល្ប៍ដែលពុំមាននៅក្នុង
គម្ពីរទសជាតក បញ្ញាសជាតក
ឬក្នុងគម្ពីរបុរាណច្បាស់លាស់ទេ ។ វាជាស្នាដៃអក្សរ
សិល្ប៍ខ្មែរកើតនៅសម័យកណ្តាល
ដែលទទួលឥទ្ធិពលតិច ឬច្រើនពីឥទ្ធិពលពុទ្ធសាសនា
ផងដែរ
។ អ្នកនិពន្ធច្រើនលើកយកទស្សនៈ
កម្មផល មកផ្សំភ្ជាប់ជាមួយនឹងជីវិតលោកិយ
សច្ចៈ
គួបផ្សំសកម្មភាពអច្ឆរិយៈ
ការចេះហោះហើរ ការប្រើមន្តអាគម ការប្រើសិល្ប៍
សាស្ត្រនៃសាសនាព្រាហ្មណ៍ ដើម្បីឲ្យដំណើតរឿងមានគ្រប់ឈុតឆាក
និងគ្រប់រសជាតិ ។
អក្សរសិល្ប៍ពុទ្ធនិយមក្លែងក្លាយហួសហេតុ ច្រើនជាប្រភេទសាស្ត្រល្បែង ដែលកើត
មានឡើងនៅសតវត្សទី ១៨ ឬ១៩
ដែលមានឈ្មោះអ្នកនិពន្ធច្បាស់លាស់ដូចជា ៖
១. រឿងក្រុងសុភមិត្រ និពន្ធដោយ កោសាធិបតីកៅ ឆ្នាំ១៧៩៨
២. រឿងភោគភុលកុមារ និពន្ធដោយ ឧកញ៉ាព្រះឃ្លាំងនង ឆ្នាំ១៨០៤
៣. រឿងកាកី និពន្ធដោយ ព្រះបាទអង្គឌួង ឆ្នាំ១៩១០
៤. រឿងមរណមាតា និពន្ធដោយ ឥន្ទបញ្ញាអ៊ុក ឆ្នាំ១៨៧៧ ។ល។
៣. ចលនាអក្សរសិល្ប៍ព្រាហ្មណ៍និយម
v និយមន័យ
ចលនាអក្សរសិល្ប៍ព្រាហ្មណ៍និយម
គឺជាអក្សរសិល្ប៍ដែលមានទំនាក់ទំនងទៅនឹងលទ្ធិព្រាហ្មណ៍សាសនា ។
រឿងគោលព្រាហ្មណ៍និយម
គឺជារឿងមានលក្ខណៈអស្ចារ្យ
អច្ឆរិយៈហួសពីសមត្ថភាពរបស់មនុស្សទៀតផង
ជាពិសេសគោលគំនិតជាចំបង ឬមូលបញ្ហារឿងបែបព្រាហ្មណ៍និយម
គឺបង្ហាញពីមហិទ្ធិឫទ្ធិអំណាចរបស់តួអង្គដ៏ខ្លាំងពូកែ ដែលជាតួអង្គតំណាងអាទិទេព ។ តួអង្គក្នុងរឿងបែបព្រាហ្មណ៍មានភាពអច្ឆរិយៈ
គឺតួអង្គឯកប្រុសជាអាទិទេព និងតួអង្គឯកស្រី
ជាកំពូលនារីល្អឯក ។
ចំណេកការបញ្ចប់រឿងនេះអ្នកនិពន្ធឲ្យសភាវៈល្អ មានជ័យជំនះលើសភាវៈអាក្រក់
ជានិច្ច ។
v លក្ខណៈសម្គាល់ចលនាអក្សរសិល្ប៍ព្រាហ្មណ៍និយម
ក. ការផ្តើមរឿង
អ្នកនិពន្ធបានសរសេរពីគុណបារមី ឬឫទ្ធិអំណាចរបស់ទេវៈ ឬអាទិទេព
និងរៀបរាប់ឈ្មោះរបស់តួអង្គសំខាន់មាន៣គឺៈព្រះព្រហ្ម ព្រះសិវៈ
ព្រះវិស្ណុ ពិធីបូជាយញ្ញ ហោមពិធី
ឬពិធីផ្សេងៗដទៃទៀត ។
ខ. តួរឿង
· តួអង្គៈ តួអង្គឯក ជាកំពូលបុរសឯកដែលមានភាពខ្លាំងពូកែ តំណាងឲ្យសភាវៈល្អមានឫទ្ធិអំណាចលើភពទាំង៣ ។ តួអង្គឯកនារី ជាកំពូលនារីអស្ចារ្យ ។
តួអង្គបន្ទាប់បន្សំ មានដូចជាៈ ឥសី
ទេវតា យក្ស គ្រុឌ អសុរៈកាយ... ។
· ទីកន្លែងៈ ក្រុងអយុធ្យា
ព្រៃហេមពាន្ត ឋានទាំង៣ ។
· ដំណើររឿងៈ មានភាពអច្ឆរិយៈប្រកបដោយសិល្ប៍សាស្ត្រ មន្តអាគម
មានការច្បាំងគ្នាកក្រើកមាឃកក្រើកដី
។
· ចំណោទបញ្ហាៈ
អ្នកនិពន្ធរៀបរាប់ពីទំនាស់រវាងសភាវៈល្អ
និងសភាវៈអាក្រក់ដែលដណ្តើមអំណាចគ្នា
ដណ្តើមស្នេហា ដណ្តើមទឹកដីគ្នា ។
· ដំណោះស្រាយៈ
ដោះស្រាយដោយប្រើហិង្សា
ច្បាំងគ្នាយកឈ្នះចាញ់ ប្រើមន្តអាគម
សិល្ប៍សាស្ត្រ ជាដើម ។
· ឧត្តមគតិរឿងៈ អ្នកនិពន្ធបញ្ចប់រឿងដោយបានអប់រំមនុស្សឲ្យជឿលើអាទិទេព
អប់រំមនុស្សឲ្យដោះស្រាយបញ្ហាដោយហិង្សា
ឲ្យមានយល់ថាសុខទុក្ខរបស់មនុស្សទាំងអស់ គឺអាទិទេពជាអ្នកកំណត់ ។
គ. បញ្ចប់រឿង
ការបញ្ចប់រឿងបែបព្រាហ្មណ៍
អ្នកនិពន្ធឲ្យសភាវៈល្អ តែងតែមានជ័យជំនះលើ
សភាវៈអាក្រក់ជានិច្ច ។
៤. ចលនាអក្សរសិល្ប៍បរទេសនិយម
ចលនាអក្សរសិល្ប៍បរទេសនិយម
គឺជាអក្សរសិល្ប៍ដែលបានលើកយកទំនៀមទម្លាប់របស់បរទេសមកបង្ហាញ ឬជារឿងបរទេសផ្សេងៗមកបកប្រែជាភាសាជាតិ
ឬក៏អ្នកនិពន្ធចម្លងតាម ដោយរក្សាទុកទំនៀមទម្លាប់
ប្រពៃណី លក្ខណៈរបស់បរទេសដដែល ហើយផ្ទុយពីផ្នត់គំនិត
និងទំនៀមទម្លាប់របស់ខ្មែរ ។
ចលនាអក្សរសិល្ប៍នេះពុំមាននៅក្នុងអក្សរសាស្ត្របុរាណទេ ទើបតែនៅគ្រាដែលប្រទេសយើងធ្លាក់នៅក្រោមអាណានិគមពួកបស្ចឹមប្រទេស
(ខ្មែរនៅក្រោមអាណានិគមបារាំង)អស់រយៈពេលមួយសតវត្សទើបចលនានេះកើតមានឡើង ។ ចលនាអក្សរសិល្ប៍នេះមានឥទ្ធិ ពលខ្លាំងក្លាក្នុងពេលបច្ចុប្បន្នដែលមានមនុស្សទូទៅក្នុងពិភពលោកច្រើនចូលចិត្តការនិយមបែបនេះ ។
No comments:
Post a Comment