Tuesday, 25 June 2019

១. ប្រភព និងកម្មវត្ថុរបស់អក្សរសិល្ប៍





១. ប្រភពរបស់អក្សរសិល្ប៍
          តាមរយៈការសិក្សាស្រាវជ្រាវរបស់អ្នកប្រាជ្ញជាច្រើនបានឲ្យដឹងថា  អក្សរសិល្ប៍បានកើតឡើងជាយូរយារណាស់មកហើយ    ​ ចាប់តាំងពីកំណកំណើតមកមនុស្សមានចេះតែមានការច្នៃប្រឌិតនូវឧបករណ៍ប្រើប្រាស់  កម្លាំងផលិតកម្មមានការរីកលូតលាស់ ជាហេតុនាំឲ្យមានខិតខំប្រឹងប្រែងទាំងកម្លាំងកាយ  កម្លាំងប្រាជ្ញា ស្មារតី  ពិសេសជីវភាពរស់នៅរបស់មនុស្សចេះតែមានការរីកចម្រើនឡើងៗ ហើយបញ្ហាស្មុគស្មាញក៏កាន់មានសំបូរច្រើនដែរ   ដែលជាហេតុធ្វើឲ្យការសិក្សាស្រាវជ្រាវពីប្រភពរបស់អក្សរសិល្ប៍មានការលំបាកយ៉ាងខ្លាំងផងដែរ    ទោះបីជាយ៉ាងនេះក៏ដោយ  ក៏យើងសង្កេតឃើញមានទស្សនវិទូបានលើកជាទស្សនៈប្លែកៗពីគ្នាអំពីបញ្ហាប្រភពរបស់អក្សរសិល្ប៍នេះចំនួន ៤ប្រភពមានដូចតទៅ   ៖​
     ក. អក្សរសិល្ប៍មានប្រភពមកពីសភាវៈកំសាន្ត
          តាមរយៈទស្សនៈនេះបានលើកឡើងថា នៅពេលដែលមនុស្សឆ្លងកាត់ការនឿយហត់នាំឲ្យសភាវគតិមានការចង់កែកំសាន្តដើម្បីបំបាត់នូវភាពអផ្សុក     សភាវគតិមានការនឿយហត់នឹងជីវភាព និងធម្មជាតិ  ប៉ុន្តែពេលខ្លះពួកគេយល់ថា​ការប្រម៉ាញ់  ការនេសាទពុំមែនជាពលកម្មទេ តែគឺជាការកំសាន្តសប្បាយ  ព្រោះការងារទាំងនេះ ទាមទារឲ្យយើងប្រើប្រាស់នូវលក្ខណៈទន់ភ្លន់ និងកាយវិការរស់រវើក ។   ដោយមើលឃើញពីទិដ្ឋភាពបែបនេះហើយទើបទស្សនៈនេះយល់ថា​ សភាវៈកំសាន្តជាប្រភពនៃអក្សរសិល្ប៍  
      ខ.អក្សរសិល្ប៍មានប្រភពមកពីសភាវៈអនុកម្ម ឬត្រាប់តាម
          តាមរយៈទស្សនៈនេះបានលើកឡើងថា អនុកម្មជាការត្រាប់តាម   ការចម្លងតាមស្នាដៃអក្សរសិល្ប៍ និងសិល្បៈដែលមានរួចមកហើយមកធ្វើការពិពណ៌នា  បង្ហាញ គូរឆ្លាក់  ឲ្យឃើញឡើងវិញ     ម្យ៉ាងទៀតគេបានចាត់ទុកអក្សរសិល្ប៍ និងសិល្បៈ គ្រាន់តែជាអនុកម្មឯងៗ តាមលំនាំតថភាពធម្មជាតិនៅក្នុងជីវភាពរស់នៅតែប៉ុណ្ណោះ     ស្តែងឃើញបែបនេះហើយទើបទស្សនៈនេះយល់ថា មនុស្សរស់នៅក្នុងធម្មជាតិ ត្រូវត្រាប់តាមធម្មជាតិ  នាំឲ្យមនុស្សបង្កើតនូវអក្សរសិល្ប៍នេះឡើង  
     គ. អក្សរសិល្ប៍មានប្រភពមកពីសាសនា ឬមន្តអាគម
          តាមរយៈទស្សនៈនេះបានលើកឡើងថា  សាសនា គឺជាទម្រង់សតិអារម្មណ៍មួយដែល
ក្តោបយកនូវតួនាទីត្រួតត្រា និងត្រួសត្រាយផ្លូវសង្គមមនុស្សតាំងពីយូរយារណាស់មកហើយ ។
ចាប់តាំងពីសម័យមុនៗមករហូតមកដល់សម័យបច្ចុប្បន្ននេះ ប្រទេសមួយចំនួននៅតែប្រកាន់យកនូវតួនាទីរបស់សាសនាមកគ្រប់គ្រងលើវាសនាមនុស្សជាតិទាំងអស់ដដែល     ម្យ៉ាងទៀតគេយល់ថា នៅសម័យដើមមនុស្សមានការភ័យខ្លាច និងទទួលការគំរាមកំហែងពីធម្មជាតិដែលជាហេតុនាំឲ្យមនុស្សមានជំនឿទៅលើកម្លាំងអច្ឆរិយៈ ឬវត្ថុសក្តិសិទ្ធិ     ពួកគេយល់ថាមានតែអាទិទេព ឬវត្ថុសក្តិសិទ្ធិទេដែលមានអំណាចលើធម្មជាតិ  ជាហេតុនាំឲ្យពួកគេបង្កើតជាអក្សរសិល្ប៍ និងសិល្បៈឡើងដើម្បីបន់ស្រន់  ច្រៀងអង្វរ  ឬសេសើរ ធ្វើការបន្ទន់ចិត្តដល់អាទិទេព ឬវត្ថុសក្តិសិទ្ធិជួយដល់ពួកគេទាំងអស់គ្នានោះ     ​ស្តែងចេញពីទាំងអស់នេះហើយទើបគេយល់ថា អក្សរសិល្ប៍មានប្រភពចេញពីសាសនា ឬមន្តអាគមនេះឯង  
          ជាការសន្និដ្ឋានទស្សនៈដែលបានលើកឡើងទាំង៣ ខាងជាការភ័ន្តច្រឡំប៉ុណ្ណោះ    ចូរធ្វើការវិភាគលើសំណួរទាំងបីខាងក្រោមនេះ 
១. តើមនុស្សត្រូវការកំសាន្តនៅពេលណា ?
២.​ តើមនុស្សមានសកម្មភាពត្រាប់តាមធម្មជាតិ និងជីវភាពរស់នៅជាអ្វីទៅ ?
៣. តើមនុស្សត្រូវការសាសនា ឬមន្តអាគមនៅពេលណាដែរ ?
Ø  បើដូច្នេះ តើអក្សរសិល្ប៍មានប្រភពពិតប្រាកដមកពីអ្វី ? 
    ឃ. អក្សរសិល្ប៍មានប្រភពមកពីពលកម្ម
          អក្សរសិល្ប៍​ពុំមែនមានប្រភពមកពីសភាវៈកំសាន្ត    សភាវៈអនុកម្ម (ត្រាប់តាម)  ឬមកពីសាសនា ឬមន្តអាគមនោះទេ    បើយើងវិភាគ និងធ្វើការបូកសរុបលើទស្សនៈដែលបានលើកឡើងទាំង៣ ខាងលើយើងឃើញថា 
          ១. មនុស្សត្រូវការកំសាន្ត គឺនៅពេលដែលពួកគេធ្វើការងារពលកម្មនឿយហត់ 
          ២. មនុស្សមានសកម្មភាពត្រាប់តាមធម្មជាតិ និងជីវភាពរស់នៅ គឺជាពលកម្មនេះឯង 
          ៣. មនុស្សត្រូវការសាសនា ឬមន្តអាគម គឺនៅពេលដែលធ្វើពលកម្មជួបឧបសគ្គ 
ពលកម្មនាំគឺឲ្យមនុស្សមានភាពខុសពីសត្វ      ជាពិសេសបានកសាងនូវគុណសម្បត្តិប្រកបដោយយសមត្ថភាព និងអាចបង្កើតវត្ថុថ្មីប្លែកៗអស្ចារ្យផ្សេងៗ​ដែលគ្មានសត្វណាមួយប្រៀបធៀបបានឡើយ     ម្យ៉ាងទៀតការធ្វើពលកម្មត្រូវមានទំនាក់ទំនងគ្នារវាងមនុស្ស និងមនុស្ស  តម្រូវការទំនាក់ទំនងនេះនាំឲ្យមនុស្សមានការខិតខំប្រឹងប្រែងបង្កើតនូវភាសា     ភាសាជាធាតុដ៏សំខាន់ក្នុងការបង្កើតជាអក្សរសិល្ប៍ និងសិល្បៈឡើង     ពលកម្មធ្វើឲ្យមនុស្សមានការរីកចម្រើន និងមានត្រូវការជាច្រើនសម្រាប់ជីវភាពរស់នៅ​     ហើយធ្វើឲ្យមនុស្សមានគំនិតច្នៃប្រឌិត  បង្កើតជាស្នាដៃផ្សេងៗ​    ជាពិសេសបង្កើតជាស្នាដៃអក្សរសិល្ប៍នេះតែម្តង   
យោងទៅតាមការវិភាគ និងបំណកស្រាយខាងលើយើងអាចសន្និដានបានថាៈ អក្សរសិល្ប៍ គឺមានប្រភពពីពលកម្មយ៉ាងពិតប្រាកដ ។
២. កម្មវត្ថុរបស់អក្សរសិល្ប៍
          បើយើងសិក្សាពិកម្មវត្ថុរបស់អក្សរសិល្ប៍  យើងក៏ត្រូវសិក្សាពីអ្វីដែលអក្សរសិល្ប៍ឆ្លុះបញ្ចាំងនោះ      អក្សរសិល្ប៍ឆ្លុះបញ្ចាំងពីតថភាពសង្គមដោយលក្ខណៈសកល និងមានភាពស្មុគស្មាញ   ជាពិសេសវាបានឆ្លុះបញ្ចាំងពីវាសនារបស់មនុស្ស   ចរិតលក្ខណៈរបស់មនុស្ស   បញ្ហាជីវភាពរស់នៅរបស់មនុស្ស  និងបញ្ហាធម្មជាតិ  ​ ។  ការឆ្លុះបញ្ចាំងទាំងអស់នេះ ដើម្បី
បណ្តុះផ្នត់គំនិត  និងលើកទឹកចិត្តស្នេហាជាតិ   ស្នេហាប្រជាជន  ព្រោះជាការរៀបរាប់ពីតថភាពនៃសង្គមមនុស្ស និងធម្មជាតិ   ដោយត្រូវបានបង្កប់នូវគោលគំនិតអប់រំល្អៗ របស់អ្នកនិពន្ធដល់មនុស្ស និងសង្គមយ៉ាងពិតប្រាកដ           តាមទស្សនៈលោក  Gorski  បាននិយាយថាៈ « អក្សរសិល្ប៍ជាការសិក្សាអំពីមនុស្ស » ។
          ឧទាហរណ៍ៈ តាមរយៈរឿង រៃ និងស្រមោច   រឿងចចក និងកូនចៀម    រឿងមេអំបៅ និងដង្កូវ    រឿងឆ្មា និងចាបស្រុក    ល្បើកជុច និងត្រី ... សុទ្ធតែបានលើកឡើង និងមានខ្លឹមសារទាក់ទងនឹងជីវភាពរស់នៅរបស់មនុស្សទាំងអស់  ។ ​
          ភាពខុសគ្នារវាងមនុស្សក្នុងក្របខណ្ឌជាកម្មវត្ថុរបស់អក្សរសិល្ប៍  និងមនុស្សក្នុងក្របខណ្ឌជាកម្មវត្ថុរបស់វិទ្យាសាស្ត្រ គឺ ចិត្តវិទូសិក្សាស្រាវជ្រាវយកចិត្តទុកដាក់ទៅលើបញ្ហាប្រសាទរបស់មនុស្ស    ចំណែកឯកាយវិទូសិក្សាស្រាវជ្រាវយកចិត្តទុកដាក់ពីទម្រង់កំណើតនៃសរីរាង្គរបស់មនុស្ស 
          ផ្ទុយទៅវិញ មនុស្សក្នុងក្របខណ្ឌជាកម្មវត្ថុរបស់អក្សរសិល្ប៍ គឺគេមិនត្រូវបានមើលឃើញមនុស្សក្រោមរូបភាពជីវវិទ្យានោះទេ   ប៉ុន្តែត្រូបានមើលឃើញក្នុងឋានៈជាមនុស្សប្រកបដោយទិដ្ឋភាពគ្រប់យ៉ាង      អ្នកវិទ្យាសាស្ត្រធម្មជាតិសិក្សាមនុស្សដោយឡែកក្នុងទីពិសោធន៍    ចំណែកឯអ្នកនិពន្ធ   សិល្បកររៀបរាប់ជីវិតមនុស្សនៅក្នុងស្ថានភាពស្មុគស្មាញ និងស៊ាំញ៉ាំបំផុត 
          ដូចនេះ កម្មវត្ថុរបស់អក្សរសិល្ប៍មិនមែនស្ថិតស្ថេរ និងមិនផ្លាស់ប្តូរនោះទេ   ​ប៉ុន្តែវាត្រូវបានប្រែប្រួលជានិច្ច  ហើយស្របតាមបម្រែបម្រួលនៃតថភាពរបស់សង្គម គឺសង្គមបែបណាអក្សរសិល្ប៍បែបនោះ  ហើយអក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពសង្គម 

No comments:

Post a Comment