Tuesday, 25 June 2019

៣. លក្ខណៈរបស់អក្សរសិល្ប៍




ការសិក្សាស្រាវជ្រាវពីលក្ខណៈរបស់អក្សរសិល្ប៍ គឺជាការសិក្សាពីបញ្ហាផ្សេងៗ​ដែលជាគ្រឿងសម្គាល់នូវចរិកលក្ខណៈទាំងឡាយដែលមាននៅក្នុងអក្សរសិល្ប៍      ទស្សនវិទូជាច្រើនបានធ្វើការសិក្សាស្រាវជ្រាវពីលក្ខណៈរបស់អក្សរសិល្ប៍នេះ  ហើយមានការបែងចែកខុសៗគ្នាទៅតាមសម័យកាលនីមួយៗ   ប៉ុន្តែក្នុងពេលនេះយើងនឹងលើកយកលក្ខណៈសំខាន់ៗចំនួន៨ ដូចជាៈ  អក្សរសិល្ប៍មានលក្ខណៈមនុស្ស    អក្សរសិល្ប៍មានលក្ខណៈប្រជាជន   អក្សរសិល្ប៍មានលក្ខណៈវណ្ណៈ    អក្សរសិល្ប៍មានលក្ខណៈបក្ស    អក្សរសិល្ប៍មានលក្ខណៈប្រវត្តិ   អក្សរសិល្ប៍មានលក្ខណៈសង្គម    អក្សរសិល្ប៍មានលក្ខណៈជាតិ  និងអក្សរសិល្ប៍មានលក្ខណៈអន្តរជាតិ 
          តទៅនេះយើងនឹងធ្វើការបកស្រាយពីលក្ខណៈរបស់អក្សរសិល្ប៍នីមួយៗដូចតទៅ 
១. អក្សរសិល្ប៍មានលក្ខណៈមនុស្ស
អក្សរសិល្ប៍មានលក្ខណៈមនុស្ស បានដល់អក្សរសិល្ប៍ទាំងឡាយណាដែលលើធម្មតារបស់មនុស្ស ហើយបង្កើតបញ្ហាមួយហៅថាបញ្ហាមនុស្ស    លក្ខណៈមនុស្សក្នុងអក្សរសិល្ប៍សំដៅលើលក្ខណៈរួមទូទៅរបស់មនុស្សដូចជាៈ  ការសើចសប្បាយ   ការរីករាយ  ការប្រចណ្ឌ  ការខឹង   ការបារម្ភ  ការភ័យ   ជាដើម ។  លក្ខណៈមនុស្សបង្ហាញឲ្យឃើញតាមរយៈសកម្មភាព  ទង្វើ   អាកប្បកិរិយា   ពាក្យសម្តី   ចិត្តគំនិត  ឫកពា... របស់តួអង្គក្នុងអក្សរសិល្ប៍ 
ទោះបីជានិពន្ធលើកយកតួអង្គអច្ឆរិយក្តី  សត្វក្តី  ក៏តួអង្គទាំងនោះតំណាងឲ្យមនុស្ស ប្រភេទណាមួយក្នុងសង្គមជាដរាប     ចំពោះការចោទ និងដោះស្រាយរកលក្ខណៈមនុស្សមានឈ្មោះថាៈ « ការស្រាវជ្រាវរកលក្ខណៈមនុស្សនៅក្នុងស្នាដៃអក្សរសិល្ប៍ »  
v ឧទាហរណ៍ៈ  លក្ខណៈមនុស្សរបស់តួអង្គព្រះរាមក្នុងរឿងរាមកេរ្តិ៍គឺ 
-      ព្រះរាមចេះយំសោកនឹកនាងសីតា
-      ព្រះរាមខឹងប្រចណ្ឌនាងសីតាជាមួយនឹងក្រុងរាពណ៍
-      ព្រះរាមឈ្លោះជាមួយនឹងកូនក្មេង គឹ រាមលក្ស្មណ៍ និងជពលក្ស្មណ៍   ។ល។
v ឧទាហរណ៍ៈ   លក្ខណៈមនុស្សក្នុងអក្សរសិល្ប៍ខ្មែរ​ដូចជា 
-      ទន្សាយ តំណាងឲ្យមនុស្សមានប្រាជ្ញា ​ស្រលាញ់យិត្តិធម៌  ជាចោក្រនកាត់ក្តី ។
-      សត្វក្រពើ តំណាងឲ្យមនុស្សរមិលគុណ 
-      សត្វខ្លា តំណាងឲ្យមនុស្សកាចសាហាវ  គាបសង្កត់អ្នកដទៃ 
-      ហនុមាន  តំណាងឲ្យមនុស្សមានសមត្ថភាព  និងស្មោះត្រង់   
២. អក្សរសិល្ប៍មានលក្ខណៈប្រជាជន
          អក្សរសិល្ប៍មានលក្ខណៈប្រជាជន គឺជាអក្សរសិល្ប៍ទាំងឡាយណាដែលយកចិត្តទុកដាក់លើជីវភាពរស់នៅជាក់ស្តែងរបស់ប្រជាជនទាំងជីវភាព    ភាសា    សាសនា   ស្មារតី  
សម្ភារៈ ... ។    ជាពិសេសវាបានលើកយកពីផ្នត់គំនិត   សតិអារម្មណ៍   ព្រលឹង   ចំណង់ចំណូលចិត្ត   ឧត្តមគតិ   ឆន្ទៈ  មនោសញ្ចេតនា  និងការពារផលប្រយោជន៍របស់ប្រជាជន   ប្រឆាំងនឹងការកេងប្រវ័ញ្ចពីវណ្ណៈជិះជាន់ផងដែរ 
v ការប្រស្រ័យទាក់ទងរវាងប្រជាជន និងជីវិតសម្ព័ន្ធនៃអក្សរសិល្ប៍ និងសិល្បៈ
          អតីតកាលក៏ដូចជាបច្ចុប្បន្ន      ទេពកោសល្យក្នុងអក្សរសិល្ប៍ និងសិល្បៈ    សុទ្ធតែជាមនុស្សដែលមុតជ្រៅស្គាល់ច្បាស់នូវនូវជីវិតរបស់ប្រជាជនដោយការទាក់ទងយ៉ាងសកម្ម  អ្នកនិពន្ធអាចនិយាយបានយ៉ាងល្អត្រឹមត្រូវ   មានគុណភាពយ៉ាងខ្ពស់  ស្គាល់នូវរាល់ការសប្បាយ  ការកើតទុក្ខរបស់ប្រជាជន     ក្នុងការតស៊ូរំដោះខ្លួនឲ្យមានសេរីភាព   ប្រជាជនបង្ហាញយ៉ាងច្បាស់លាស់នូវតួនាទីដែលជាសម្បត្តិរបស់ប្រវត្តិ     លោក លេនីន   បានចង្អុលបង្ហាញយ៉ាងច្បាស់អំពីការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធរវាងសិល្បៈ និងប្រជាជន      លោក លេនីន
បាននិយាយថាៈ  « អក្សរសិល្ប៍ និងសិល្បៈត្រូវតែជាចំណែកមួយរបស់រដ្ឋ »     ម្យ៉ាងទៀតយើងត្រូវតែចូលឲ្យជ្រៅក្នុងផ្នត់គំនិតរបស់ប្រជាជន      ​អក្សរសិល្ប៍ត្រូវតែស្គាល់  និងស្រលាញ់ប្រជាជន   ហើយត្រូវតែផ្សារភ្ជាប់នូវមនោសញ្ចេតនា          គំនិត និងឆន្ទៈរបស់ប្រជាជន    ពិសេសត្រូវលើកកម្ពស់ប្រជាជនឲ្យខ្ពស់បំផុត      អក្សរសិល្ប៍ត្រូវតែស្គាល់  និងបង្កើនសិល្បៈរបស់ខ្លួនដែលចេញមកពីប្រជាជន 
          សិល្បៈត្រូវតែបម្រើប្រជាជន    ព្រោះប្រជាជនជាម្ចាស់ពិតប្រាកដរបស់ប្រវត្តិសាស្ត្រដូច
លោក ​​  Mareime Gorki   បាននិយាយថាៈ    ប្រជាជនមិនមែនគ្រាន់តែជាកម្លាំងបង្កើតឲ្យមាន
សំម្ភារៈទេ  ប្រជាជនជាប្រភពរួមមួយ និងមិនចេះចប់  មិនចេះអស់  មិនរីងស្ងួតនូវមនោសញ្ចេត
នារបស់ខ្លួន ដើម្បីបង្កើតសំម្ភារៈ  ​។
v លក្ខណៈវិនិច្ឆ័យរបស់លក្ខណៈប្រជាជននៅក្នុងអក្សរសិល្ប៍
          ក. ស្នាដៃដែលមានលក្ខណៈប្រជាជន គឺជាស្នាដៃមួយដែលអ្នកនិពន្ធបានឆ្លុះបញ្ជាំងពីបាតុភូត   លក្ខណៈ  បញ្ហាពិសេស ដែលមានទំនាក់ទំនងយ៉ាងជិតស្និទទៅនឹងជីវិតរបស់ប្រជាជន ហើយមានប្រយោជន៍សម្រាប់សង្គម 
          ខ. ស្នាដៃដែលមានលក្ខណៈប្រជាជន គឺជាស្នាដៃមួយដែលអ្នកនិពន្ធបានពិពណ៌នាអំពីជីវិតទៅតាមចំណុចដែលមើលឃើញតាមរយៈប្រជាជន   បានសេចក្តីថាត្រូវផ្លាស់ប្តូរគំនិតហួសមកហើយ និងជាពន្លឺគំនិតជឿនលឿនទៅតាមសម័យកាល 
          គ. ស្នាដៃនេះត្រូវតែមានលក្ខណៈសិល្បៈខ្ពស់    លក្ខណៈរស់រវើក  និងសម្បូរទៅដោយ
រូបារម្មណ៍   ជាពិសេសមានលក្ខណៈប្រជាធិបតេយ្យនៃសិល្បៈមនោសញ្ចេតនា 
          ឧទាហរណ៍ៈ  រឿងឪក្មេករើសកូនប្រសារ     រឿង ធនញ្ជ័យ    រឿងអាខ្វាក់អាខ្វិន  រឿងអន្ទង់វែងឆ្នាំងវែង... សុទ្ធតែជារឿងដែលនិពន្ធឡើងទាក់ទងនឹងជីវភាពរស់នៅរបស់ប្រជាជន ។
៣. អក្សរសិល្ប៍មានលក្ខណៈវណ្ណៈ
          អក្សរសិល្ប៍មានលក្ខណៈវណ្ណៈ គឺជាអក្សរសិល្ប៍ទាំងឡាយណាដែលគេបានលើកយកពីការតស៊ូវណ្ណៈ   ការការពារឧត្តមគតិ  គោលគំនិត ឬគោលបំណងនៃវណ្ណៈណាមួយមកបង្ហាញ      ដោយសារស្នាដៃអក្សរសិល្ប៍មានលក្ខណៈវណ្ណៈ  ដូច្នេះអ្នកនិពន្ធដែលជាអ្នកបង្កើតស្នាដៃអក្សរសិល្ប៍ពិតជាត្រូវស្ថិតនៅក្នុងស្រទាប់វណ្ណៈណាមួយជាកំណត់  ហើយស្នាដៃនោះត្រូវតែបម្រើឲ្យផលប្រយោជន៍ដល់វណ្ណៈណាមួយក្នុងសង្គមនោះជាមិនខានឡើយ 
          អក្សរសិល្ប៍មានលក្ខណៈវណ្ណៈ បានស្តែងឡើងតាមរយៈវិធីនិម្មិតកម្មរបស់អ្នកនិពន្ធទៅតាមរចនាបថវិធី និងកម្លាំងទឹកចិត្តទោលើវណ្ណៈរបស់គេ     ម្យ៉ាងទៀតអក្សរសិល្ប៍មានលក្ខណៈវណ្ណៈក៏បានស្តែងឡើងតាមរយៈរូបារម្មណ៍ ដោយអ្នកនិពន្ធបានបង្ហាញ និងរំលេចចេញនូវលក្ខណៈតាមរយៈដំណើររឿងដែរ     ជាមួយគ្នានេះដែរ វាក៏បានស្តែ្ឡើងតាមរយៈតួអង្គផងដែរ គឺតួអង្គសំខាន់ៗ ដោយបានស្តែងចេញនូវលក្ខណៈវណ្ណៈតាមរយៈភាសានិយាយ    មនោសញ្ចេតនា និងសកម្មភាពដែលនាំឲ្យយើងបានឃើញច្បាស់នូវលក្ខណៈវណ្ណៈ 
កាលណាយើងនិយាយថាៈ អក្សរសិល្ប៍ជាចំនាំង, មូលដ្ឋានសេដ្ឋកិច្ចជាទម្រង់មនសិការ
សង្គម        នៅក្នុងសេដ្ឋកិច្ចថ្នាក់លើ គឺដោយយើងអះអាងថា​ អក្សរសិល្ប៍ត្រូវតែឆ្លុះបញ្ចាំងនូវការពិត       នៅក្នុងសង្គមមានវណ្ណៈ   មូលដ្ឋាននេះចង្អុលបង្ហាញពីការតស៊ូវណ្ណៈហើយវាមានលក្ខណៈវណ្ណៈយ៉ាងច្បាស់លាស់      ដូច្នេះហើយបានជាគេថា អក្សរសិល្ប៍ត្រូវតែមានលក្ខណៈវណ្ណៈ ព្រោះជាក្រឹត្យក្រម « សង្គមបែបណាអក្សរសិល្ប៍បែបនោះដែរ »  ។ ​  កាលណាលោក Engel   និយាយពីស្នាដៃអក្សរសិល្ប៍បច្ចុប្បន្ន គឺគាត់បានគូសបញ្ជាក់យ៉ាងខ្លាំងទៅលើលក្ខណៈទំនោររបស់អក្សរសិល្ប៍    
នៅក្នុងសង្គមដែលមានវណ្ណៈគ្រប់ស្នាដៃអក្សរសិល្ប៍ទាំងអស់ បង្ហាញការត្រូវការ   ចំណង់  ប្រយោជន៍របស់វណ្ណៈរបស់អ្នកបង្កើត ។     វណ្ណៈដែលបង្កើតអក្សរសិល្ប៍វណ្ណៈនោះតែងតែការពារឧត្តមគតិ  ចរិតរបស់ខ្លួនជានិច្ច      
ឧទាហរណ៍ៈ  នៅក្នុងរឿង កាកី ពុំមែនគ្រាន់តែការពារស្តេចប៉ុណ្ណោះទេ   គឺការពារវណ្ណៈសក្តិភូមិ គេនិយមគិតប្រយោជន៍ផ្ទាល់ខ្លួន  ហើយចាត់ទុកនារីជាឧបករណ៍  ជាល្បែងកំសាន្ត​ សម្រាប់តណ្ហារបស់ខ្លួនតែប៉ុណ្ណោះ      រឿងអាជ័យមេគ្រត  ដែលអ្នកនិពន្ធស្ថិតនៅលើស្នាដៃអភិជនសក្តិភូមិ  បានបង្ហាញវណ្ណៈកសិករ  កម្មករ  គ្មានគំនិតប្រាជ្ញាអ្វីបន្តិចទាល់តែសោះ        ឯរឿងធនញ្ជ័យ   ដែលតាក់តែងឡើងដោយស្រទាប់បញ្ញាជន  ជាតំណាងកម្មករ   កសិករ សម្រាប់ប្រយុទ្ធប្រឆាំងនឹងវណ្ណៈនាយទុន  ​វណ្ណៈសក្តិភូមិក្នុងស្រុក  ហើយនិងវណ្ណៈសក្តិភូមិដែលជាប្រទេសវាតទីនៅក្រៅស្រុកទៀតផង     ម្យ៉ាងទៀតវាបានចង្អុលបង្ហាញឲ្យឃើញថា ការតស៊ូវណ្ណៈ គឺជាការផុសចេញពីកម្មករ  កសិករ ដែលជាអ្នកស្រលាញ់វណ្ណៈរបស់ខ្លួន  មិនព្រមឲ្យគេគាបសង្កត់ឡើយ 
៤. អក្សរសិល្ប៍មានលក្ខណៈបក្ស
          អក្សរសិល្ប៍មានលក្ខណៈបក្ស   គឺជាអក្សរសិល្ប៍ទាំងឡាយណាដែលលើកបានឡើងពីលក្ខណៈពិសេសមួយរបស់វណ្ណៈក្នុងស្ថានភាពមួយ   ដែលមានការតស៊ូតឹងតែងលក្ខណៈបក្សផ្តើមចេញពីលក្ខណៈវណ្ណៈ ដែលជាសារជាតិ  និងជាក្រិត្យក្រមរបស់សង្គម   នៅពេលមនុស្សមានការបែងចែកទៅជាពួក   ជាក្រុមទៅតាមទស្សនៈ   គោលការណ៍     លទ្ធិ ឬមនោគមវិជ្ជាផ្សេងៗ     ចំណុចពិសេសៗនៃអក្សរសិល្ប៍មានលក្ខណៈបក្សមានដូចតទៅ ៖
-      បំផុសស្មារតី  ឧត្តមគតិស្នេហាជាតិ  មាតុភូមិរបស់ប្រជាជន
-      បំផុសស្មារតី  បញ្ចុះបញ្ចូលអ្នកអាន  អ្នកស្តាប់  អ្នកទស្សនាឲ្យមានជំនឿទៅលើបក្សណាមួយ
-      ផ្សព្វផ្សាយឥទ្ធិពលដឹកនាំ និងសកម្មភាពរបស់បក្សក្នុងការកសាងមាតុភូមិ
-      ជាស្នាដៃបម្រើនយោបាយ​ និងបម្រើគោលមាគ៌ារបស់បក្ស  ការពារផលប្រយោជន៍របស់បក្ស 
          ក. កំរិតគំនិតៈ នៅក្នុងសង្គមមានវណ្ណៈអក្សរសិល្ប៍ត្រូវតែមានលក្ខណៈវណ្ណៈនេះ 
គឺជាក្រឹត្យក្រម    ឥឡូវនេះលក្ខណៈវណ្ណៈស្ថិតនៅក្នុងល័ក្ខខ័ណ្ឌតស៊ូវណ្ណៈ    នៅក្នុងការតស៊ូនេះ   គឺជាធាតុមួយដែលច្បាស់លាស់    ពោរពេញទៅដោយមនសិការគិតផលប្រយោជន៍រួម និងស្ថិតនៅក្នុងស្ថានភាពវណ្ណៈរបស់ខ្លួន    ហើយវាស្របនឹងបក្សទៅតាមច្បាប់ ។  ការបង្ហាញពីផលប្រយោជន៍ និងស្ថានភាពសម្តែងឲ្យឃើញនិន្នាកានយោបាយ    សេដ្ឋកិច្ច   សង្គមវណ្ណៈរបស់ខ្លួន       ដូចនេះបំណងសម្រេចមានលក្ខណៈវណ្ណៈ ដែលចង្អុលបង្ហាញគំនិត    មនសិកា និងការអប់រំយ៉ាងខ្ពង់ខ្ពស់បំផុត       ពេលនេះពួកមូលធនមិនហ៊ានបង្ហាញដោយចំហរនូវបំណងវណ្ណៈរបស់វាទេ  គឺវាបំភាន់ដើម្បី ប្រយោជន៍របស់វា        បក្សកុំម្មុនិស្ត   បក្សស្របច្បាប់របស់វណ្ណៈអធន   និយាយយ៉ាងចំហរនូវលក្ខណៈវណ្ណៈរបស់ខ្លួន     ហើយសំណូមពរដល់អក្សរសិល្ប៍ត្រូវតែមានលក្ខណៈវណ្ណៈឲ្យជ្រៅ     ដូចនេះហើយនៅការពិត កាលណាយើងនិយាយពីលក្ខណៈវណ្ណៈនៅក្នុងអក្សរសិល្ប៍ គឺយើងបម្រើបំណងបក្សវណ្ណៈកម្មករ  វណ្ណៈអធន និងបណងបក្សកុំម្មុនិស្ត ។    លោក ម៉ាក(Make)   និងលោក អង់គែល  (Engel)     បានចោទជាបញ្ហាឡើងថាៈ  លក្ខណៈទំនោររបស់អក្សរសិល្ប៍    ជាគោលការណ៍ខាងក្រោយរបស់បក្សនៅក្នុងអក្សរសិល្ប៍          ត្រង់ចំណុចនេះការពិតប្រាកដអក្សរសិល្ប៍  ជាអាវុធមួយសំខាន់ក្នុងការតស៊ូវណ្ណៈ  
                   ខ. នៅក្នុងកាលៈទេសៈថ្មីនេះការតស៊ូវណ្ណៈចេញមកពីស្ថានភាពពិតប្រាកដនៃការ 
          តស៊ូបដិវត្តន៍អធន ។
                    អក្សរសិល្ប៍ដែលមានលក្ខណៈបក្ស  គឺជាអក្សរសិល្ប៍ណាដែលបម្រើប្រជាជន 
          ដឹកនាំប្រជាជនឲ្យយល់  ឲ្យស្គាល់នូវវណ្ណៈ និងចេះតស៊ូវណ្ណៈ គឺវណ្ណៈអធននេះឯង 
៥. អក្សរសិល្ប៍មានលក្ខណៈប្រវត្តិ
          អក្សរសិល្ប៍មានលក្ខណៈប្រវត្តិ  គឺជាអក្សរសិល្ប៍ទាំងឡាយណាដែលជាប់ទាក់ទងទៅនឹងសម័យកាល ឬព្រឹត្តិការណ៍ខ្លះដែលកើតមាននៅក្នុងប្រវត្តិសាស្ត្រ     ព្រឹត្តិការណ៍ដែលកើតមានក្នុងសង្គម  ត្រូវបានស្មេរកត់ត្រាទុកក្នុងគម្ពីរប្រវត្តិសាស្ត្រ  ចំណែកឯអ្នកនិពន្ធគ្រាន់តែលើកយកព្រឹត្តិការណ៍សំខាន់ៗទាំងនោះមករៀបរៀងជាស្នាដៃអក្សរសិល្ប៍ប៉ុណ្ណោះ 
          ឧទាហរណ៍ៈ ​រឿងព្រះគោព្រះកែវ   រឿងអ្នកតាឃ្លាំងមឿង   រឿងទុំទាវ   រឿងភូមិតិរច្ឆាន   រឿងគូលីកំនែន    រឿងក្រឡាហោមគង់      រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់... សុទ្ធតែបានបង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រតាមសម័យកាលនីមួយៗ របស់ខ្មែរ  
          ភាពខុសគ្នារវាងអក្សរសិល្ប៍មានលក្ខណៈប្រវត្តិ និងប្រវត្តិវិទ្យាមានដូចតទៅ 
-      អក្សរសិល្ប៍មានលក្ខណ់ប្រវត្តិ  គឺគ្រាន់តែមានដំណើររឿងរ៉ាវខ្លះៗដែលទាក់ទងទៅនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនាសម័យកាលណាមួយប៉ុណ្ណោះ   
-      ប្រវត្តិវិទ្យា  គឺជាវិជ្ជាមួយដែលអធិប្បាយពីប្រវត្តិសាស្ត្រ ឬព្រឹត្តិការណ៍ជាក់ស្តែងទាក់ទងនឹងជីវភាពរស់នៅរបស់ប្រជាជន ឬការគ្រប់គ្រងនៅសម័យកាលណាមួយ  
៦. អក្សរសិល្ប៍មានលក្ខណៈសង្គម
          អក្សរសិល្ប៍មានលក្ខណៈសង្គម  គឺជាអក្សរសិល្ប៍ទាំងឡាយណាដែលស្ថិតនៅលើអត្ថបទលើកយកបញ្ហាមនុស្សក្នុងសង្គមណាមួយមកចោទ និងដោះស្រាយតាមសភាពលក្ខណៈរបស់ខ្លួន   ទោះបីធម្មតាក្តី  ឬអន់ថយក្តី       ការលើកយកបញ្ហាមនុស្សក្នុងអត្ថបទភាគច្រើនត្រូវតំណាងឲ្យសង្គមណាមួយ  ហើយត្រូវទ្រង់ទ្រង់នូវទស្សនៈសង្គមនោះ  ដើម្បីដោះស្រាយបញ្ហាក្នុងសង្គមរបស់ខ្លួន    
          រួមសេចក្តីមក តាមរយៈស្នាដៃអក្សរសិល្ប៍យើងអាចយល់បានច្បាស់ពីបញ្ហាសង្គម   ទស្សនៈសង្គមដែលទ្រទ្រង់សម័យកាលនីមួយៗតាមរយៈការឆ្លុះបញ្ចាំងរបស់ស្នាដៃអក្សរសិល្ប៍នោះ     ដូច្នេះបានជាគេនិយាយថាៈ « អក្សរសិល្ប៍ជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងនូវតថភាពសង្គម » 
៧. អក្សរសិល្ប៍មានលក្ខណៈជាតិ
          អក្សរសិល្ប៍មានលក្ខណៈជាតិ    គឺជាអក្សរសិល្ប៍ទាំងឡាយណាដែលបង្ហាញពីតមម្លៃពិសេសរបស់ជាតិមួយដែលខុសប្លែកពីបរទេសតាំងពី  ជំនឿ   ទំនៀមទម្លាប់  ប្រពៃណី  សាសនា   ទស្សនៈ  ផ្នត់គំនិត និងអាកប្បកិរិយាផ្សេងៗទៀត   គេចាត់ទុកអក្សរសិល្ប៍មានលក្ខណៈជាតិ គឺជាស្នាដៃទាំងឡាយណាដែលទ្រទ្រង់នូវព្រលឹងជាតិឲ្យស្ថិតស្ថេរជាអមតៈ ។
          អក្សរសិល្ប៍មានលក្ខណៈជាតិ  សំដៅដល់លក្ខណៈអកក្សរសិល្ប៍មួយប្រភេទដែលតាមរយៈនោះ   អ្នកនិពន្ធបានលើកយកតម្លៃពិសេសរបស់ជាតិមកបង្ហាញក្នុងដំណើររឿង   ដែលទាក់ទងនឹងសីលធម៌  ជំនឿ   ទំនៀមទម្លាប់  សាសនា  និងអ្វីៗដែលជាអត្តសញ្ញាណជាតិ  ដើម្បីបណ្តុះគំនិតស្រលាញ់  អភិរក្ស  ការពារ  អភិរឌ្ឍអរិយធម៌របស់ជាតិ  
          លោក ស្តាលីន បានកំណត់ថាៈ « ជាតិ ជាការរួមផ្តុំមនុស្សជាច្រើនប្រកបដោយតុល្យភាព  ដែលកើតឡើងនៅក្នុងប្រវត្តិសាស្ត្រដោយមានមូលដ្ឋានរួមទាំង  ភាសានិយាយ  ​ទឹកដី   ជីវភាព  សេដ្ឋកិច្ច និងទម្រង់ចិត្តសាស្ត្រដែលសំដែងចេញរួមគ្នាស្តីអំពីវប្បធម៌ » ។
v លក្ខណៈវិនិច្ឆ័យនៃស្នាដៃអក្សរសិល្ប៍មានលក្ខណៈជាតិមានដូចជា ៖
-      បង្ហាញ និងបំផុសនូវសេចក្តីស្នេហាចំពោះជាតិមាតុភូមិ   ស្មារតីតស៊ូប្រកបដោយថាមពលល្អប្រពៃដែលពុំអាចបង្ក្រាបបាន
-      បណ្តុះស្មារតីគ្រឹះ និងការពារប្រទេសជាតិក្នុងឆន្ទៈឯករាជ្យ
-      បង្ហាញតួអង្គដែលពោរពេញទៅដោយចិត្តសាស្ត្រ និងលក្ខណៈជាតិ
-      អ្នកនិពន្ធចេះប្រើប្រាស់យ៉ាងប៉ិនប្រសប់នូវឃ្លាប្រយោគ  ពាក្យពេចន៍របស់ជាតិច្បាស់លាស់
-      អ្នកនិពន្ធចេះប្រើប្រាស់យ៉ាងស្ទាត់ជំនាញ និងទូលំទូលាយនូវសិល្ប៍រូបារម្មណ៍ស្របតាមសោភ័ណរស  

៨. អក្សរសិល្ប៍មានលក្ខណៈអន្តរជាតិ
          អក្សរសិល្ប៍មានលក្ខណៈអន្តរជាតិ   គឺជាស្នាដៃដែលមានលក្ខណៈជាតិរួចស្រេចទៅហើយ   នៅពេលដែលសង្គមជាតិបានទទួលស្គាល់ថាជាអត្ថបទមានតម្លៃទ្រទ្រង់វប្បធម៌- អរិយធម៌របស់ជាតិ         បន្ទាប់មកអន្តរជាតិបានយកទៅសិក្សាស្រាវជ្រាវ    និងផ្សព្វផ្សាយនៅក្នុងសង្គមជាតិរបស់គេ     គឺនៅពេលនេះហើយដែលយើងអាចកំណត់បានថាវាជាអក្សរសិល្ប៍មានលក្ខណៈសកល ឬលក្ខណៈអន្តរជាតិនោះ 
          ម្យ៉ាងទៀតអក្សរសិល្ប៍មានលក្ខណៈអន្តរជាតិ ជាប្រភេទអក្សរសិល្ប៍មួយប្រភេទដែលតាមរយៈនោះ  អ្នកនិពន្ធបានបង្ហាញពីតម្លៃសកលនៃស្នាដៃនិពន្ធណាមួយ    ជាពិសេសវាបានជះឥទ្ធិពលទាំងផ្នែកអត្ថន័យ និងផ្នែកអត្ថរូបទៅលើឆាកអន្តរជាតិទទួលយកមកសិក្សាដូចស្នាដៃជាតិរបស់ខ្លួនដែរ  
v លក្ខណៈវិនិច្ឆ័យនៃស្នាដៃអក្សរសិល្ប៍មានលក្ខណៈអន្តរជាតិមានដូចជា ៖
-      ជាស្នាដៃដែលបម្រើនូវឧត្តមគតិ  និងផលប្រយោជន៍របស់មនុស្សជាតិទូទៅ
-      ជាស្នាដៃដែលមានតម្លៃគ្រប់សម័យកាល
-      ជាស្នាដៃដែលមានខ្លឹមសារបម្រើផលប្រយោជន៍សង្គម  សមូហភាព   អន្តរជាតិ
-      ជាស្នាដៃដែលបានបណ្តុះនូវផ្នត់គំនិតសីលធម៌ជឿនលឿន
-      ជាស្នាដៃដែលសិក្សាស៊ីជម្រៅលើផ្នែកសង្គមសាស្ត្រ  មនោគមវិជ្ជា  នយោបាយ   បច្ចេកទេស     វិទ្យាវិទ្យាសាស្ត្រ   ដើម្បីបម្រើឲ្យមនុស្សជាតិទូទៅរស់នៅប្រកបដោយសេចក្តីសុខសុភមង្គល  

No comments:

Post a Comment