Tuesday, 25 June 2019

៩. រឿងសុផាត


រឿងសុផាត 
ក. អ្នកនិពន្ធ
លោក​ រីមគីន កើតនៅឆ្នាំ១៩១១​ នៅសង្កាត់លេខ៤ ក្រុងភ្នំពេញ។ លោកមាន​ឪពុក​​ឈ្មោះ គីម ម្ដាយឈ្មោះ សោ ដែលជាគ្រួសារសាមញ្ញមួយ។ឪពុកលោកបាន​ទទួល​អនិច្ចកម្ម​ទៅ​ដោយក្រុមចោរប្លន់ នៅពេលដែលលោកទើបតែមានអាយុ​៧ឆ្នាំ​ប៉ុណ្ណោះ​។​ លោកក៏បានទៅរស់នៅ​ជា​​មួយ​ម្ដាយ​រហូតមក។
នៅក្នុងវ័យកុមារលោក រីម គីន បានសិក្សារៀនសូត្រអក្សរខ្មែរ​ក្នុងសំណាក់​ព្រះភិក្ខុ​មួយ​អង្គ​​ព្រះនាមអាចារ្យ​ សាំង ត្រូវជាបងប្អូនជីដូនមួយញាតិខាងម្ដាយ​របស់​លោក​ ដែលគង់នៅវត្តស្វាយ​ដង្គំក្នុងសង្កាត់លេខ៣ ក្រុងភ្នំពេញ។​ ក្នុងការសិក្សា​ផ្នែក​អក្សរ​​សាស្រ្តនេះ​កុមារ រីម គីន បានខិតខំ ​រៀនសូត្រ ហើយយកចិត្តទុកដាក់ក្នុងការស្ដាប់ និងអាន សាស្រ្តារឿង សាស្រ្តាច្បាប់ និងអក្សរសិល្ប៍​ជារៀងរាល់ថ្ងៃ។ ស្នាដៃរឿសូផា ត្រូវបានគេដាក់បញ្ចូលនៅក្នុងកម្មវិធីសិក្សាថ្នាក់ទី៩ ហើយនិពន្ធនៅក្នុងឆ្នាំ១៩៣៨។
ខ. សងេ្ខបរឿង
លោកសួន និងនាងសូយា ឪពុកម្ដាយរបស់សូផាត បានជួបជុំគ្នាដោយ​មិន​បានរៀប​ការនឹង​គ្នាឡើយ។ លោកសួន ជាអ្នកភ្នំពេញរួចបានមកធ្វើជាចៅហ្វាយស្រុកសិរីសោភ័ណខេត្តបាត់ដំបងលោកបានស្រឡាញ់នាងសូយា ជាស្រ្តីកំព្រាក្រីក្រដោយលួចលាក់។ពេលនាង​មានផ្ទៃពោះ លោកសួនត្រូវផ្លាស់ទៅភ្នំពេញវិញ។ លោកមិនបានយកនាងសូយាទៅជាមួយលោកទេព្រោះនៅភ្នំពេញលោក មានគូដណ្តឹងរួចហើយ តែមុនពេលចាកចេញទៅលោកបាន លួងលោមនាងសូយាព្រមទាំងប្រគល់ចិញ្ចៀន មួយវង់ឲ្យនាង។
ក្រោយមក សូយា ប្រសូតបានបុត្រមួយរូបដាក់ឈ្មោះ​​ថាសូផាត។ នាងរស់នៅជាមួយកូនដោយទុក្ខព្រួយព្រោះមិនបាន​​ទទួល​​​ដំណឹងអ្វីសោះពីលោកសួន។ ទីបំផុតនាងដឹងថា លោកសួន បានរៀបការនឹងនារីដទៃនាងក៏ចាប់ឈឺយ៉ាងធ្ងន់រហូតបាត់បង់ជីវិត។ សូផាត ត្រូវបានប្រជាជនក្នុងភូមិជួយចិញ្ចឹម រហូតមកដល់អាយុ៨ ឆ្នាំ ក៏ទៅនៅរៀនសូត្រក្នុងវត្ត ក្រោមការឧបត្ថម្ភ របស់ព្រះភិក្ខុទាំងឡាយ។ សូផាតជាក្មេងដែលមានអ្នកផងស្រឡាញ់ណាស់ ទាំងបព្វជិត ទាំងគ្រហស្ត​ ​ព្រោះជាក្មេងឧស្សាហ៍រៀនសូត្រ និងធ្វើការងារមិនចេះនឿយហត់។
លុះអាយុបាន១២ឆ្នាំសូផាត បានសុំការអនុញ្ញាតិពីលោកគ្រូដើម្បីទៅរកឪពុកនៅ​       ភ្នំពេញ។លោកគ្រូរបស់គេយល់ថា សូផាតជាក្មេងមានប្រាជ្ញា ក៏ព្រមឲ្យទៅដោយប្រាប់ពីរបៀបធ្វើដំណើរ ប្រាប់កន្លែងស្នាក់នៅ និងទូន្មានពីករណីកិច្ចជាកូនចំពោះឪពុកម្ដាយ រួចព្រះអង្គក៏បានឲ្យលុយធ្វើដំណើរ និងឲ្យចិញ្ចៀនមរតកព្រមទាំងសំបុត្រមួយច្បាប់ទៅភិក្ខុមួយអង្គដែលជាសម្លាញ់នៅវត្តឧណ្ណាលោម ដើម្បីឲ្យទទួលសូផាត ឲ្យស្នាក់នៅមុនពេល​រកឪពុក     ឃើញ។
ពេលសូផាត មកដល់ភ្នំពេញមិនបានជួបសម្លាញ់លោកគ្រូទេ តែគេបានជួបព្រះសង្ឃផ្សេងទៀតដែលទទួលឲ្យគេស្នាក់នៅដើម្បីដើររកឪពុក។ សូផាតស៊ើបសួរយ៉ាងយូរនៅតែរកឪពុកមិនឃើញ។ ថ្ងៃមួយពេលកំពុងធ្វើដំណើរតាមផ្លូវសូផាត បានជួបក្មេងពីរនាក់ឈ្លោះគ្នាគេក៏ជួយសង្រ្គោះក្មេងតូច រួច​អ្នកទាំង​​ពីរក៏រាប់អានគ្នាជាមិត្តភក្តិ។ កុមាររងគ្រោះនោះឈ្មោះ ណារិន ជាក្មួយប្រុសរបស់ភរិយាលោកសួន។ ក្រោយពេលដែលណារិន ដឹងថាសូផាត គ្មានទីពឹងនោះ គេក៏បាននាំសូផាតទៅជួបលោកសួន ដើម្បីសុំឲ្យសូផាត រស់នៅជាមួយគ្នា។សូផាត បានរស់នៅក្នុងផ្ទះលោកសួន ហើយបានជួយធ្វើការងារគ្រប់បែបយ៉ាង ពិសេស​បាន​​​ជួយកែប្រែចរិតណារិន ឲ្យក្លាយជាក្មេងឧស្សាហ៍រៀនសូត្រ និងស្លូតបូតទៀតផង ប្រការ​នេះ​ធ្វើឲ្យប្ដីប្រពន្ធលោក សួន ពេញចិត្តណាស់ ឯនាងម៉ានយ៉ានជាបងស្រីណារិន ក៏ពេញចិត្តនឹងសូផាត​ដែរ។ ពេលណារិន និងសូផាតបានប្រឡងជាប់សញ្ញាបត្រវិជ្ជាបារាំងខ្មែរ​​រួចហើយនោះ លោក​សួនក៏បានឲ្យណារិន បន្តវិជ្ជាតទៅទៀត។ ចំណែកឯសូផាតវិញ លោកសួន បានរកការងារឲ្យធ្វើ ដោយធ្វើជាស្មៀននៅក្នុងហាងជំនួញមួយ។ជាចៃដន្យថ្ងៃមួយ សូផាត ភ្លេចចិញ្ចៀនកេររបស់ម្ដាយនៅក្នុង​បន្ទប់​ទឹក​ ពេលនោះត្រូវ​​ម៉ានយ៉ាន បងស្រីណារិន រើសយកទៅជួនលោកសួនដែលជាឪពុកចិញ្ចឹម។ លោកសួន ស្គាល់ច្បាស់ពីចិញ្ចៀននោះ ទើបដឹងខ្លួនថាសូផាត គឺជាកូនប្រុសបង្កើតរបស់ខ្លួនតែលោកបានពិគ្រោះជាមួយប្រពន្ធ ហើយចង់លាក់រឿងនេះមិនឲ្យសូផាតដឹងឡើយ។ តាំងពីថ្ងៃ​នោះ​​មក លោកក៏បានរៀបចំកន្លែងរស់នៅឲ្យសូផាត ដូចជាអ្នករស់នៅក្នុងគ្រួសារទាំងមូល និងបាន​អនុញ្ញាត​ឲ្យសូផាត បរិភោគជាមួយក្រុមគ្រួសារហើយនិងឲ្យសូផាត រៀនសូត្របន្តទៀតផង។ ចំណែក​​សូផាត វិញនៅតែមិនដឹងថាលោកសួន គឺជាឪពុករបស់ខ្លួននោះទេ។ រីឯមនោសញ្ចេតនាស្នេហា​រ​​បស់សូផាត និងម៉ាយ៉ាន កើតឡើងជារៀងរាល់ថ្ងៃ តែគេមិននិយាយប្រាប់គ្នាឡើយ។ នៅ​ផ្ទះជិតខាងសូផាតមាននារីម្នាក់ឈ្មោះ អ៊ូរី ក៏ស្រឡាញ់សូផាតដែរ ហើយនៅរាត្រីមួយនោះនាងអ៊ូរីបាន​​ចូលទៅក្នុងបន្ទប់សូផាត ដើម្បីនិយាយរឿង ស្នេហា តែសូផាតបានបដិសេធ នាងក៏ចុះចេញ​​ពីបន្ទប់សូផាតទៅវិញ ចៃដន្យពេលនោះ​ ​​​ម៉ានយ៉ានបាន ឃើញអ៊ូរី នៅក្នុងបន្ទប់សូផាត ធើ្វឲ្យនាងខឹង​នឹង​សូផាត​ហើយលែងនិយាយរកនិងគេចមុខពីសូផាត។ សូផាតយល់ថា ម៉ាយ៉ាន បានដឹងថាខ្លួនលួចស្រឡាញ់​​នាង ហើយដោយនាងមិនពេញចិត្តនឹងខ្លួនទើប​​នាងតោះតើយ។ ពេលនោះសូផាត គិតថាខ្លួនមានកំហុសក៏សម្រេចចិត្តរត់​ចេញពីផ្ទះនោះ​ដោយទុកសំបុត្រមួយច្បាប់ផង។ ក្រោយពេល​ដឹង​រឿងនោះលោកសួនបានចាត់ឲ្យ​​​គេដើររកសូផាតគ្រប់ទីកន្លែង ទីបំផុតគេរកឃើញខ្មោចលង់ទឹក​មួយ​មើលមិនស្គាល់ គេក៏សន្និដ្ឋានថា សូផាត ស្លាប់ហើយធ្វើបុណ្យឲ្យសពនោះទៅ។ នាងម៉ានយ៉ាន មានទុក្ខព្រួយយ៉ាងខ្លាំង ព្រោះគិតថាសូផាត សម្លាប់ខ្លួនដោយសារអាកប្បកិរិយាតោះតើយរបស់​នាង។
ពេលក្រោយមក មានយុវជនម្នាក់ទៀតឈ្មោះ សំណាង បានចូលមកស្ដីដណ្ដឹងម៉ានយ៉ាន ពេលនោះលោកសួន បានសួរចិត្តនាងម្ដង ជាពីរដង នាងក៏មិនហ៊ានប្រកែកនឹងលោក បើទោះបីជានាងនៅនឹកសូផាតហើយមិនដែលស្គាល់សំណាងនោះក៏ដោយ។ លុះដល់ពេលជិតដល់ថ្ងៃរៀប​​អាពាហ៍ពិពាហ៍លោកសួន បាននាំគ្រួសារព្រមទាំង សំណាង ទៅលេងកម្សាន្តនៅផ្ទះមិត្តភក្តិម្នាក់ជាមេស្រុកឯបាត់ដំបង។
        ចំណែកឯ សូផាត ក្រោយពេលរត់ចេញពីផ្ទះលោកសួន គេ​បានទៅសុំជួយធ្វើការងារ និងរស់នៅជាមួយមេស្រុកនោះ។ ថ្ងៃ​ដែល​លោកសួនទៅលេងកម្សាន្តនៅទីនោះ សូផាត ក៏រត់គេចបាត់ មិនឲ្យជួបលោកសួន ឡើយ ក្រោយពេលដែលគេរៀបចំទទួលទាន​រួច។លោកសួន និងម៉ានយ៉ានមិនបានដឹងថាសូផាត រស់នៅទីនោះទេ។ ក្រោយពេលបាយរួច ម៉ានយ៉ានបានទៅកម្សាន្តក្រៅភូមិក្បែរគុម្ពឫស្សី ពេលនោះសំណាងទៅតាម ហើយមានបំណងថើបនាង នាងក៏ដើរចេញ ស្រាប់​​តែ​​នាងបានឃើញសូផាតឈរនៅក្បែរជិតបង្កើយនាងស្មានថាជាខ្មោច ក៏ស្រែកឡើង ហើយ​ដួល​សន្លប់ទៅ រីឯសូផាតក៏គេចខ្លួនទៅបាត់។ គេទាំងអស់គ្នាជឿថា ជាខ្មោចសូផាត មែនក៏បន់ស្រន់​ រួចយកម៉ានយ៉ាន មកភ្នំពេញវិញ។
        ពេលម៉ានយ៉ាន បានធូរស្រាល គេក៏រៀបចំអាពាហ៍ពិពាហ៍របស់នាងជាមួយសំណាង។ ថ្ងៃរៀបការនាងម៉ានយ៉ាន ក៏គេចទៅលោតទឹកសម្លាប់ខ្លួនដោយសារតែនាងនៅនឹកដល់       សូផាត។ពេលនោះគ្រួសារលោកសួន មានទុក្ខព្រួយយ៉ាងខ្លាំង ដោយជឿថាម៉ានយ៉ានស្លាប់ តែនាងនៅមិនទាន់ស្លាប់ទេព្រោះបានអ្នកនេសាទ​ម្នាក់ជួយស្រង់។ សូផាត បានជួម៉ានយ៉ាន ព្រោះក្រោយពីរត់គេចពីមេស្រុកមកគេបានរស់នៅជាមួយសម្លាញ់​​ជាអ្នកនេសាទនោះ។ អ្នកទាំងពីរបានសារភាព ស្នេហារៀងខ្លួន រួចព្រមរស់ជាមួយគ្នាតែដោយភ័យខ្លាច ក្រុមគ្រួសារសំណាងដឹង ពួកគេក៏ភៀស​ខ្លួន​ទៅនៅខេត្តស្វាយរៀង។ លុះដល់ពេលរដូវធ្វើស្រែចម្ការប្ដីប្រពន្ធសូផាតខ្វះប្រាក់ទិញស្រូវពូជ សូផាត ក៏សម្រេចចិត្ត មកភ្នំពេញលក់ចិញ្ចៀន យកប្រាក់ដោះស្រាយបញ្ហា។ ពេលធ្វើដំណើរមក​ភ្នំពេញ សូផាតបានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវគេបញ្ជូន មកមន្ទីរពេទ្យនៅភ្នំពេញ។ ចំណែក​​​​ម៉ាយ៉ាន នៅផ្ទះមានជម្ងឺ ក៏អញ្ជើញគ្រូពេទ្យមកព្យាបាល ចៃដន្យ​​អីគ្រូពេទ្យេ ដឹងថានាងជាគូដណ្តឹង​មិត្តភក្តិរបស់ខ្លួនឈ្មោះសំណាង គេក៏បញ្ជូននាងឲ្យ​​ព្យាបាល​​នៅភ្នំពេញ​ រួចឲ្យដំណឹងទៅមិត្ត​របស់ខ្លួន។
          សំណាងបានទៅជួបម៉ានយ៉ាន នៅក្នុងមន្ទីរពេទ្យព្រមទាំង​បានទាមទារសំណងបណ្ណាការ​មកវិញ រីឯសូផាត ដែលនៅសម្រាក​ព្យាបាលក្នុងមន្ទីរពេទ្យនោះដែរ ពេលបាន​ឮសំឡេងប្រពន្ធរបស់​ខ្លួន ក៏ចេញមករក ពេលនោះសូផាត និងសំណាងក៏មានជម្លោះនឹងគ្នាយ៉ាងខ្លាំង។ បញ្ហាទាំងអស់​នេះបាន​ដោះ​​ស្រាយ នៅពេលលោកសួនមកដល់។ លោកបានបំភ្លឺការពិតឲ្យសូផាតដឹងរួចធានា​សង​បណ្ណា​ការ​គ្រួសារសំណាងវិញ។ គេបានរៀបអាពាហ៍ពិពាហ៍ឲ្យសូផាត និងម៉ានយ៉ាន យ៉ាងគគ្រឹក​គគ្រេង។

No comments:

Post a Comment