ការសិក្សាមុខងាររបស់អក្សរសិល្ប៍
មានអ្នកសិក្សាស្រាវជ្រាវជាច្រើនបានធ្វើការកំណត់ពីមុខងារអក្សរសិល្ប៍មាន
៦យ៉ាងគឺ មុខងារពុទ្ធិ មុខងារអប់រំ មុខងារកំសាន្ត មុខងារតថ
មុខងារសិល្ប៍វិជ្ជា
មុខងារទំនាក់ទំនង ។ ប៉ុន្តែរហូតមកដល់សម័យកាលនេះ អ្នកស្រាវជ្រាវបានកំណត់យកមុខងារសំខាន់ៗចំនួន
៣យ៉ាងប៉ុណ្ណោះគឺៈ មុខងារពុទ្ធិ មុខងារអប់រំ
និងមុខងារសិល្ប៍វិជ្ជា ។
១. មុខងារពុទ្ធិ
អក្សរសិល្ប៍បានចូលរួមចំណែកផ្តល់ពុទ្ធិយ៉ាងសំខាន់ក្នុងការកសាងនូវធនធានមនុស្ស ប្រកបដោយគុណភាព ព្រោះអក្សរសិល្ប៍ ជាកម្រងឯកសារស្តីពីជីវិត ដែលនៅពេលមានសៀវភៅរឿងទាំងឡាយ គេរមែងយល់ដឹងច្រើន តាំងពីភាពពិស្តារនៃទេសភាពធម្មជាតិ ទំនៀមទម្លាប់
ប្រពៃណី សកម្មភាពជនជាតិ
ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងព្រឹត្តិការណ៍សង្គម ។ ម្យ៉ាងទៀតអក្សរសិល្ប៍ ត្រូវផ្តល់ឲ្យអ្នកអាន អ្នកទស្សនានូវគំនិតចំណេះដឹងពិតប្រាកដរបស់ជីវិត
ឆ្លុះបញ្ចាំងជាក់ច្បាស់នូវច្បាប់សម្រាប់ជីវិតពិតប្រាកដ
។ យើងអាចរកឃើញក្នុងស្នាដៃនូវប្រព័ន្ធមេរៀនជីវិតសម្រាប់មនុស្ស
។ ពុទ្ធិរបស់អក្សរសិល្ប៍ត្រូវចង្អុលបង្ហាញនូវបាតុភូតបែបវិចារណញ្ញាណនៃជីវិតពិតប្រាកដរស់រវើកមានលក្ខណៈជាក្រឹត្យក្រមដែលទាក់ទងយ៉ាងធំទៅនឹងសិល្បៈ
អ្នកនិពន្ធត្រូវតែជាម្ចាស់នៃជីវិតដូចពាក្យថាៈ
« វិស្វករនៃដួងព្រលឹង » ហើយស្នាដៃរបស់គាត់ត្រូតែជាកម្មវត្ថុសិក្សា ។
លោក
ប៉ៅតូវស្គី
ជាអ្នកនិពន្ធម្នាក់បានសរសេរថាៈ « អក្សរសិល្ប៍បង្ហាញប្រាប់យើងនូវទម្រង់គ្រប់បែបយ៉ាងនៃជីវភាព
ធ្វើឲ្យយើងយល់បាននូវកម្លាំងព្រលឹងរបស់មនុស្ស អ្វីជាយុត្តិធម៌ អ្វីជាសុភមង្គល និងអ្វីជាស្នេហា ធ្វើឲ្យយើងយល់បាននូវសូរសំណើចរបស់ប្អូនៗ
សូរសំឡេងរលកសមុទ្រធ្វើឲ្យយើងមើលឃើញនូវពន្លឺមូលក្រឡង់របស់ព្រះច័ន្ទ ដែលចែងចាំងជះមកលើតំបន់ព្រៃក្រាស់ក្នុងពេលរាត្រី
» ។
២. មុខងារអប់រំ
អក្សរសិល្ប៍បានចូលរួមផ្តល់នូវការអប់រំ
និងកសាងបុគ្គលិកលក្ខណៈរបស់មនុស្សឲ្យមានសីលធម៌
គុណធម៌ ស្រលាញ់អំពើល្អ ស្អប់អំពើអាក្រក់ មានស្មារតីស្នេហាជាតិមាតុភូមិ ស្រលាញ់សន្តិភាព យុត្តិធម៌
អប់រំឲ្យចេះរស់នៅជាមួយគ្នា
មានសាមគ្គីភាព
មិនប្រកាន់ពូជសាសន៍ វណ្ណៈ ពណ៌សម្បុរឡើយ ។
ជាពិសេសអក្សរសិល្ប៍ ជាជំនួយដល់អ្នកអាន អ្នកទស្សនាឲ្យស្គាល់ពិតប្រាកដនូវធម្មជាតិ
និងតថភាពជាក្រិត្យក្រម អក្សរសិល្ប៍
និងសិល្បៈបង្កើតចំពោះខ្លួនឯងនូវមូលដ្ឋានជាក់ស្តែង គឺជាមុខងារមួយយ៉ាងធំ
ដោយកសាងជីវិត និងអប់រំមនុស្ស ។ មុខងារអប់រំផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងប្រភេទអក្សរសិល្ប៍
និងសិល្បៈ ។ តថនិយម
សង្គមនិយមសំណូមពរដល់អ្នកនិពន្ធឲ្យពិពណ៌នាការពិតដោយស្មោះត្រង់
ដែលជាសម្បត្តិប្រវត្តិសាស្ត្ររូបី ក្នុងដំណើរការ រីកចម្រើនទៅមុខ ដែលជាមូលដ្ឋានអប់រំឲ្យទៅជាមនុស្សចេះដឹង
បានសេចក្តីថា អក្សរសិល្ប៍គាំទ្រ និងគូសដៅមុខងារអប់រំហើយជាស្រេច ។ អក្សរសិល្ប៍
និងសិល្បៈមានឥទ្ធិពលអប់រំយ៉ាងធំចំពោះមនុស្ស ។
បន្ទាប់មកអក្សរសិល្ប៍ និងសិល្បៈ
ជួយឲ្យមនុស្សឲ្យយល់ពីពិភពលោក និងមនុស្សលោកជាទស្សនៈជីវិតពិតប្រាកដ
ដោយសារអក្សរសិល្ប៍ និងសិល្បៈគេអាចស្គាល់បានច្បាស់នូវជីវិតសង្គម
។
សិល្ប៍វិទូជនជាតិអាល្លឺម៉ង់ម្នាក់ឈ្មោះ លេសស៊ីង
បានអះអាងថាៈ « ឆាកល្ខោនត្រូវប្រែក្លាយទៅជាសាលារៀន សីលធម៌ » ។
នៅក្នុងប្រវត្តិអក្សរសិល្ប៍កម្ពុជា
ទស្សនៈដែលចាត់ទុកងក្សរសិល្ប៍ជាទម្រង់សតិអារម្មណ៍ ឬសីលធម៌
ជាប្រពៃណីមួយដែលកើតមានឡើងតាំងពីយូរយារណាស់មកហើយ ។
៣. មុខងារសោភ័ណ
ឬសិល្ប៍វិជ្ជា
មុខងារទាំងពីរ គឺមុខងារអប់រំ
និងមុខងារពុទ្ធិរបស់អក្សរសិល្ប៍ សម្រេចទៅបានអាស្រ័យលើសោភ័ណនៃមនុស្ស បានសេចក្តីថាត្រូវតែមានមុខងារសោភ័ណ
ឬសិល្ប៍វិជ្ជានេះឯង ។ សិល្ប៍វិជ្ជា
គឺជាវិទ្យាសាស្ត្រមួយសម្រាប់ណែនាំ ឬពិនិត្យវាយតម្លៃលើសោភ័ណនៅក្នុងស្នាដៃអក្សរសិល្ប៍ សិល្បៈ
ច្បាប់ឧបទេស ជាដើម ។ ជាពិសេស សិល្ប៍វិជ្ជា មានអំណាចគ្របសង្កត់ទៅលើមនោសញ្ចេនារបស់មនុស្ស អាចធ្វើឲ្យអ្នកអាន សើច
យំ មានកំហឹង មានការឈឺចាប់... នឹងឈានទៅរកអ្វីដែលជាកុសល ។
ស្នាដៃអក្សរសិល្ប៍
មិនដូចជាស្នាដៃវិទ្យាសាស្ត្រទេ វិទ្យាសាស្ត្រគេបង្ហាញតាមព្រឹត្តិ
ការណ៍ចំពោះអក្សរសិល្ប៍
និងសិល្បៈ គេអាចស្គាល់ជីវិតរបស់មនុស្សក្នុងសង្គម បានអាស្រ័យលើសោភ័ណ បានសេចក្តីថាការពិតអរូបី
ផ្ទុយទៅវិញអក្សរសិល្ប៍បង្ហាញពីជីវិតក្នុងរូបារម្មណ៍រូបី ។
ការបង្ហាញការប្រព្រឹត្តយ៉ាងខ្លាំងទៅលើមនោសញ្ចេតនា និងរូបារម្មណ៍អ្នកអាន
ទទួលជក់ចិត្ត ចិត្តពោពេញទៅដោយសេចក្តីសង្ឃឹម គិតពីជីវិតពេលបច្ចុប្បន្ន
និងដើម្បីអនាគត ។
ការប្រាស្រ័យទាក់ទង
វិចារវិទ្យារវាងមុខងារទាំងបីខាងលើនេះគឺផ្សារភ្ជាប់គ្នា
ប្រជុំគ្នាតែមួយបង្កើតនូវសិល្ប៍វិជ្ជារបស់អក្សរសិល្ប៍ ជាពិសេសយើងមិនអាចទាត់ចោលសិល្ប៍វិជ្ជាបានទេ
ប៉ុន្តែយើងក៏មិនត្រូវបញ្ចូលមនោគមវិជ្ជាច្រើនពេកដែរ
ព្រោះវានាំឲ្យបាត់បង់តម្លៃសិល្បៈ ។
v សន្និដ្ឋាន
មុខងារដែលបានរៀបរាប់ខាងលើ សុទ្ធតែជាមុខងារសំខាន់របស់អក្សរសិល្ប៍ ។
មធ្យោបាយដើម្បីសម្រេចបាននូវគោលដៅនៃមុខងារផ្តល់ពុទ្ធិ
និងផ្តល់ការអប់រំ គឺសិល្ប៍វិជ្ជា
មានន័យថាៈ បើយើងទាត់ចោលសិល្ប៍វិជ្ជា
គឺដូចជាយើងទាត់ចោលមធ្យោបាយក្នុងការផ្តល់ពុទ្ធិ និងការអប់រំ
។ ស្នាដៃមួយដែលមានតម្លៃ
ត្រូវតែបានផ្តល់នូវផ្តល់ពុទ្ធិ
ការអប់រំ និងសិល្ប៍វិជ្ជា ។
ការសំយោគនៃមុខងារទាំងអស់ខាងលើ គឺមានបំណងស្វែងរកសុខៈ
សម្រាប់មនុស្សជាតិទាំងមូល ។
No comments:
Post a Comment