១០. មរណមាតា
ក. អ្នកនិពន្ធ
រឿងមរណមាតា ជារឿងដែលរចនាឡើងជាបទកំណាព្យដោយកវី
អ៊ុក នៅឆ្នាំ១៨៧៧ ទាញចេញពីគម្ពីរភាសាបាលី។ មរណមាតា ជារឿងកម្សត់បត់បែនច្រើនវគ្គ
និងមានប្រជាប្រិយភាពយ៉ាងខ្លាំងរហូតមកដល់បច្ចុប្បន្ន។ មរណមាតា ជារឿងដែលបានធ្វើឱ្យប្រជាជនខ្មែរខ្លះមិនហ៊ានបរិភាគសាច់ត្រី
ដំរី។
ខ.សង្ខេបរឿង
ក្នុងកាលកន្លងយូរហើយ មានព្រះរាជាមួយព្រះអង្គព្រះនាម
វិមលធម្មរាជ សោយរាជ្យក្នុង វិទេហនគរ ។ គ្រានោះមានបុរសម្នាក់ឈ្មោះ
កុល្លិយៈ ប្រពន្ធឈ្មោះ នាង កែវកេសី ជារាជបម្រើ ។
ព្រះរាជាទ្រង់តាំងឱ្យធ្វើជាមេស្រុក នៅស្រុកមួយ។ កុល្លិយៈ និងនាងកែវកេសី
មានកូនស្រីមួយឈ្មោះនាង កុលកេសី ។
នៅជិតផ្ទះមេស្រុកនេះ មានបុរសកម្សត់ម្នាក់ មានកូនប្រុសមួយឈ្មោះ កុដុម្ពីក៍កុមារ
បានស្រឡាញ់នាងកុលកេសី ។ ក្នុងពេលដែលទៅចាំចាបឯស្រែ
បានពង្រត់គ្នាទៅនៅជនបទមួយឈ្មោះ កាសី ជាស្រុកចោរ។
ពួកចោរចាប់ចងកុដុម្ពីក៍, នាងកុលកេសី យកចិញ្ចៀន១វង់ទៅជូនមេស្រុកសុំទោសប្តី។
មេស្រុកបង្គាប់ពួកចោរឱ្យដោះលែង។ អ្នកទាំងពីរសុំមេស្រុកធ្វើឪពុកធម៌។
មេស្រុកប្រគល់ទ្រព្យសម្បត្តិ និងទាសកម្មករឱ្យ។ នាងកុលកេសី សុំឪពុកធម៌ទៅតាំងនៅភូមិថ្មី១បានជាអ្នកមានទ្រព្យសម្បត្តិ
ស្តុកស្តម្ភ។ ដោយកុដុម្ពីរ មានទ្រព្យរាប់កោដិ អ្នកស្រុកឱ្យឈ្មោះថា កុលកោដិកុដុម្ពីក៍
មានកូនស្រី១ឱ្យឈ្មោះនាង កុមារី។ ក្រោយពីមេស្រុកជាឪពុកធម៌ស្លាប់ទៅ
កុលកោដិកុដុម្ពីក៍ បានជាធំក្នុងស្រុកនោះ ។
កាលនាងកុមារី បានអាយុ៧ឆ្នាំ មានស្រី្ដមេម៉ាយម្នាក់ឈ្មោះ កាឡី មានកូនស្រី២នាក់
, កូនបងឈ្មោះ ចន្ទី កូនប្អូនឈ្មោះ ចន្ទាសាលិនី។ នាង
កាឡី មានបងស្រីម្នាក់ឈ្មោះ កាលីនិយា ។ នាង កាឡី
ចេះតែមកប្រលោម កុលកោដិកុដុម្ពីក៍ ។
ក្រោយមក កុលកោដិកុដុម្ពីរ ធ្លាក់ខ្លួនក្រ , ដោយនាង
កាឡី មួលបង្កាច់ កុដុម្ពីក៍ ក៏តែងតែជេរ វាយធ្វើបាបនាង កេសី រាល់ថ្ងៃ។ ទីបំផុត
កុដុម្ពីរនាំនាងកេសី ទៅបង់ត្រី ហើយបានវាយនាងទម្លាក់ទឹកស្លាប់ ហើយនាងបានកើតជាត្រីដំរីរស់នៅនឹងកំពង់ទឹកនោះ។
ពេលកុលកោដិកុដុម្ពីក៍ ត្រឡប់មកផ្ទះវិញ នាងកុមារី ពុំឃើញម្តាយ ក៏យំរត់រកម្តាយរហូតដល់កំពង់ទឹកទើបនាងទេពធីតា
ប្រាប់ថាម្តាយនាងស្លាប់ហើយកើតជាត្រីដំរី។ នាងស្រែកហៅម្តាយៗក៏ហែលមកជិតប្រាប់កូនអំពីដំណើររឿងរបស់ខ្លួន
គ្រប់សព្វ។ តាំងពីនោះមក គេហៅនាងកុមារី ថាមរណមាតា។ នាងតែងធ្វើការផ្សេងៗមានឃ្វាលគោជាដើមដោយកម្សត់ពន់ពេក
។ រាល់ថ្ងៃនាងតែងយកកន្ទក់ទៅបាចឱ្យត្រីដំរី ។ នាង កាឡី បានដឹងរឿងនោះឱ្យកូនយកកន្ទក់ទៅបាចបញ្ឆោតចាប់ត្រីដំរីនោះមក
សម្លាប់ ។ គ្រានោះ មានសត្វទាញី១ក្បាល ហួរស្រកាត្រីដំរីនោះបាន២ទៅដាក់មុខនាងមរណមាតា
, នាងបានស្គាល់ជាស្រកាម្តាយ ទើបយកទៅកប់ដី
ដុះបានជាដើមត្រប់២ដើម មានផ្កាផ្លែល្អ ហើយនាងគោរពប្រណិប័តន៍ដើមត្រប់នោះរាល់ថ្ងៃ
។ នាងកាឡី បានដឹងរឿងនោះ ក៏បានយកដើមត្រប់នោះទាំងប្ញសទាំងគល់ទៅបុកនឹងត្បាល់
។ គ្រានោះ មានឆ្មាញីមួយពាំប្ញសត្រប់២ទុកឱ្យនាងៗយកប្ញសត្រប់ទាំង២ទៅ
ដាំ ។ ដោយអានិសង្សដែលនាងបានភាវនាទ្វត្តឹង្សកម្មដ្ឋាន ពីជាតិមុន បាននាំឱ្យនាងមានចិត្តទិព្វ
បួងសួងដល់ម្តាយ ហើយដាំទៅ ប្ញសត្រប់នោះក៏ដុះឡើងធ្លោភ្លាមជាដើមរលួស២ដើម
មានស្លឹកពណ៌ល្អដូចមាស ហើយម្តាយនាងបានកើតជាទេពធីតា នៅចាំរក្សាទីនោះ។
ស្លឹករលួសនោះ ពេលខ្យល់បក់មក ឮសូរពីរោះរណ្តំដូចប្រគំតូរ្យតន្ត្រី។
នាងមរណមាតា នមស្ការដើមរលួសនោះរាល់ល្ងាចព្រឹក ។
វេលាមួយ ព្រះបាទវិមលធម្មរាជ ស្តេចចេញប្រពាតព្រៃ បានឃើញដើមរលួសនោះ
ទ្រង់ជ្រាបថាជារបស់នាងមរណមាតា ទើបទ្រង់ឱ្យហៅនាងមក
ហើយព្រះអង្គសុំដើមរលួសនោះ។ នាងព្រមថ្វាយព្រះរាជា ប៉ុន្តែពេលដែលទ្រង់បញ្ជារាជបុរសទាំងឡាយជីកគាស់
ក៏ពុំបាន ទាំងមិនរបើកបន្តិចសោះ លុះតែនាងមរណមាតាបួងសួងទើបដើមរលួសនោះសណ្តកប្ញសឡើងអណ្តែតលើ
អាកាសតាមស្តេចទៅព្រះរាជវាំង ហើយក៏សំកាំងនៅលើអាកាសមិនចុះមកដី លុះតែព្រះរាជាឱ្យនាំនាងមរណមាតាទៅក្នុងរាជវាំងបួងសួងទើបរលួសនោះ
ចុះមកដីតាំងនៅក្នុងអាងមាស ហើយគេសន្មតឈ្មោះថា សុវណ្ណរាជព្រឹក្ស។ ព្រះរាជាទ្រង់អភិសេកនាងមរណមាតាជាអគ្គមហេសី
ហើយទ្រង់សួរប្រវត្តិនាងតាំងពីដើមរហូតដល់ចប់។
ក្រោយមក ព្រះរាជាយាងចេញទាក់ដំរី។ នាង កាឡី បានរកឧបាយសម្លាប់ព្រះនាងមរណមាតាទៀត
ដោយចាត់ឱ្យគេរកឧស ជីករណ្តៅដាំប្រេងដូង១ខ្ទះធំ
ធ្វើបន្ទប់ដាក់ក្តារគ្របពីលើ។ រួចស្រេចបានឱ្យកូនស្រីរបស់នាងជាអ្នកបញ្ឆោតព្រះនាងមរណមាតាថា
ឳពុកឈឺធ្ងន់ទៀបនឹងស្លាប់ចង់ជួបនាងមុនពេលមរណកាល។
ពួកស្រីៗក្នុងវាំងហែហមព្រះនាងទៅជួបឳពុកនៅឯផ្ទះ។ មុននឹងទៅជួបឳពុក
គេប្រាប់ឱ្យព្រះនាងដោះគ្រឿងប្រដាប់ទុកមួយឡែក ហើយស្រង់ទឹកសិន។
លុះចូលទៅក្នុងបន្ទប់ស្រង់ទឹក ព្រះនាងជាន់ក្តារភ្លាត់ធ្លាក់ព្រះអង្គទៅក្នុងខ្ទះប្រេងដូងសុគ
តទៅ។ នាងកាឡី ក៏បានយកគ្រឿងអលង្ការបស់ព្រះនាងមរណមាតាបំពាក់ឱ្យនាងចន្ទាសា
លិនី ជាកូនហើយឱ្យទៅជំនួស ។ ពួកស្រីៗមិនបានពិនិត្យ ក៏នាំនាងចន្ទាសាលិនី
ចូលក្នុងព្រះរាជវាំង។ ឯរាជព្រឹក្សទាំងគូ ស្រពោនជ្រុះស្លឹកបាក់មែកអស់រលីង។
ក្រោយមករវាង៣ថ្ងៃ ព្រះរាជាទ្រង់យាងមកព្រះរាជវាំងវិញ ទ្រង់ឆ្ងល់ក៏តាំងព្រះទ័យរកឱកាសនឹងចាប់ថ្នាក់ឱ្យបាន។
អដ្ឋិធាតុរបស់ព្រះនាងមរណមាតាត្រូវបានគេយកទៅចោលក្នុងព្រៃ ទេពធីតា១អង្គឈ្មោះនាងគិរីមេខលា
ដែលរស់នៅនាដើមជ្រៃ១ក្នុងព្រៃនោះ បានយកឱសថទិព្វមកដាក់ឱ្យរស់ឡើងវិញ
ហើយមានរូបឆោមស្រស់ស្អាតជាងមុន ។ នាងទេពធីតាប្រាប់ ព្រះនាងថា បើនៅជាមនុស្សនិងទៅនគរវិញ
មុខជាគេពុំជឿ ទើបព្រះនាងត្រូវបរិភោគឱសថទិព្វឱ្យក្លាយជាសារិកា
ហើយហើរចូលទៅ ។ នាងសារិកាទូលប្រវត្តិរបស់នាងថ្វាយព្រះមហាក្សត្រគ្រប់សព្វ
។ ព្រះរាជាទ្រង់ស្រឡាញ់ ទើបយកចិញ្ចៀនមាស១វង់បំពាក់នៅជើងសារិកា ដាក់ឱ្យនៅក្នុងទ្រុងមាសនាព្រះរាជវាំង
។ នាងសារិកាបួងសួងដើមរាជព្រឹក្សទើបដើមឈើនេះលូតលាស់មានស្លឹកនិង ផ្លែផ្កាដូចដើមវិញ
។
ព្រះរាជាបញ្ជាឱ្យពេជ្ឈឃាដសម្លាប់នាងចន្ទាសាលិនី ធ្វើផ្អកទាំងក្បាលរបស់នាងផងដាក់ពាង
រួចផ្ញើទៅម្តាយឳពុក ហើយប្រាប់ថា កូនផ្ញើមកជូន ។ កុដុម្ពីរ
ទទួលផ្អករួចហើយលូកមើល ទើបដឹងថាកូនស្លាប់ ក៏ប្រញាប់នាំកូនប្រពន្ធរត់ទៅជ្រកក្នុងព្រៃសានគ្រោះ
បានជួបនឹងតាបសម្នាក់ ហើយក៏នៅក្នុងព្រៃនោះទៅ ។
ព្រះរាជាទ្រង់ឱ្យអាមាត្យវិនិច្ឆ័យក្តីយាយអករ៍ ដែលបញ្ឆោតព្រះនាងមរណមាតាទៅសម្លាប់
។ អាមាត្យ បានកាត់ក្តីដាក់ទោសយាអករ៍ឱ្យមានទោសដល់ជីវិត ។
យាយអករ៍នោះ មានកូនស្រីម្នាក់ឈ្មោះឆន្ទា ជាសាវឡិកនៃព្រះរាជាក៏ត្រូវស្តេចបណ្តេញចេញដែរ
។ នាងនោះខឹងថាមកពីនាងសារិកានាំអុជអាលបានជាគេសម្លាប់ម្តាយនាង ក៏គុំសម្លាប់នាងសារិកា។
ថ្ងៃមួយព្រះបាទ វិមលធម្មរាជ ស្តេចត្រូវយាងចេញទៅបង្ក្រាបចោរនៅជនបទ ទុកនាងសារិកានៅក្នុងរាជវាំង។
នាងឆន្ទាបានឱកាសក៏ចូលទៅលួចនាងសារិកាបានឱ្យទៅទាសីម្នាក់ សម្លាប់ស្លស៊ី។
ទាសីនោះបានបោចរោមសារិកានោះអស់រួច ក៏ចុះទៅដី នាងសារិកា
បានរត់ចូលទៅក្នុងរន្ធកណ្តុរស។ ស្តេចកណ្តុរស យកនាងទៅចិញ្ចឹមទាល់តែដុះស្លាបឡើងវិញ។
ស្តេចកណ្តុរសខឹងពេក ក៏ទៅខាំនាងឆន្ទាដាច់ច្រមុះស្លាប់ទៅ។ នាងសារិកាបានលាស្តេចកណ្តុរសចេញទៅជួបនឹងពស់មួយដ៏ធំប៉ងនឹងចឹក
នាង ប៉ុន្តែមានត្រដក់មួយដ៏ធំខាំពស់នោះងាប់ទៅ។
បន្ទាប់ពីនោះព្រះឥន្ទបើកទិព្វចក្ខុមកឃើញនាងសារិកា ក៏ចុះមកនិម្មិតជាខ្លាធំ១
លោតឡើងមែកជ្រៃស៊ីផ្លែជ្រៃមែកទិសបស្ចិមក្លាយជាបក្សី។ បក្សីលោតទៅស៊ីផ្លែជ្រៃមែកទិសឧត្តរ
ក្លាយជាប្រើសមាស។ ប្រើសមាសស៊ីផ្លែជ្រៃទិសបូព៌ាក្លាយជាស្វា។ ស្វាស៊ីផ្លែជ្រៃទិសទក្សិណ
ក្លាយជាមនុស្សរូបល្អ ព្រមទាំងមានគ្រឿងអលង្ការ ។
នាងសារិកាឃើញសព្វគ្រប់បានធ្វើត្រាប់តាមលំដាប់ក៏ក្លាយជារូប ផ្សេងៗ
ទីបំផុតក្លាយជាមនុស្សស្រី ហើយបេះផ្លែជ្រៃវេចទុក ដើរទៅជួបតាបសម្នាក់ឈ្មោះ
មិត្តាជិន។ តាបសនេះសួរហេតុសព្វគ្រប់ក៏នាំនាងទៅចិញ្ចឹមក្នុងអាស្រម ។
ថ្ងៃមួយតាបស មិត្តាជិន បានទៅស្រះបោក្ខរណី បានឃើញកុមារ១កើតក្នុងផ្កាឈូក
ក៏យកមកឱ្យនាងចិញ្ចឹម ដោយឱ្យឈ្មោះថា បទុមកុមារ ។ បទុមកុមារធំឡើងសាកសួរប្រវត្តិរបស់មាតាសព្វគ្រប់
ទើបលានាងជាមាតា និងមហាប្ញសីទៅរកព្រះបិតាឯវិទេហនគរ យកទាំងព្រះទម្រង់ដែលព្រះរាជាបានចងជាប់នឹងជើងព្រះនាងកាលនៅជា
សារិកា និងផ្លែជ្រៃទៅផង ។ វេលានោះមានស្តេចប្រើសមាសមួយធ្វើជាជំនិះបញ្ជិះបទុមកុមារទៅរក
ព្រះបិតា ។ លុះបានជួបព្រះបិតាហើយ ក៏នាំព្រះអង្គមកហែហមព្រះមាតាទៅសោយរាជ្យក្នុងវិទេហនគរប្រកបដោយ
ទសពិធរាជធម៌ ។
កាលបើព្រះនាងមរណមាតា បានជួបនឹងព្រះភស្តា ហើយសោយសុខ ព្រះនាងនឹកដល់គុណ
ទា ឆ្មា និង ស្តេចកណ្តុរស ក៏ព្រះរាជទានដល់ពួកអ្នកកម្សត់ទុគ៌តជានិរន្តរ៍ ហើយគង់នៅជាសុខសប្បាយដរាបដល់សោយព្រះវិលាល័យទៅហោង៕